-

កំពុងឈរនោមសុខៗ មិនទាន់លើកខោស្រួលបួលផង ត្រូវរន្ទះបាញ់ស្លាប់

បាត់ដំបង: យុវជនម្នាក់បានស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុខណ:ដែលកំពុងជិះម៉ូតូសុខៗបានឈប់ម៉ូតូ ហើយទៅឈរនោមក្រោមដើមដូងពេលមេឃកំពុងតែមានភ្លៀងធ្លាក់ ក៏ត្រូវរន្ទះបាញ់ចំពីលើដើមដូងមកតែម្តង ។

ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង៥ល្ងាចថ្ងៃទី៥ ខែឧសភា ឆ្នាំ២០១៦ នៅចំណុចភូមិកណ្តោល  ឃុំបវេល  ស្រុកបវេល  ខេត្តបាត់ដំបង ស្របពេលដែលមេឃកំពុងតែមានភ្លៀងធ្លាក់ គឺគេបានឃើញយុវជនម្នាក់បានជិះម៉ូតូទាំងកណ្តាលភ្លៀង ហើយបានមកឈប់សំចតម៉ូតូនៅក្បែរដើមដូងមួយត្រង់ចំណុចកើតហេតុខាងលើ ។

ភ្លាមៗនោះដែរ គេសង្គេតឃើញថា យុវជនរូបនោះ បានដើរតំរង់ទៅគល់ដូង ហើយក៏បានឈរនោមនៅទីនោះតែម្តង  ប៉ុន្តែខណ:ដែលយុវជនរូបនេះ បំរុងនឹងលើកខោឡើងវិញទៅហើយនោះ ស្រាប់តែមានសំលេងមួយបានលាន់ឮយ៉ាងខ្លាំង ហើយក៏ឃើញយុវជននោះដួលទាំងជំហរ ទៅលើធរណីតែម្តង ទើបធ្វើឲ្យមានការភ្ញាក់ផ្អើលទាំងប្រជាពលរដ្ឋក៏ដូចជាសមត្ថកិច្ច បានមកចោមរោមមើល គឺយុវជនរូបនេះបានស្លាប់បាត់ទៅហើយ។

នគរបាលស្រុកបវេលបានឲ្យដឹងថា យុវជនដែលរន្ទះបាញ់ស្លាប់មានឈ្មោះ អ៊ា ឈុនលី អាយុ១៧ឆ្នាំ មានទីលំនៅភូមិអូរឫស្សី  ឃុំបឹងប្រាំ  ស្រុកបវេល ខេត្តបាត់ដំបង។

ក្រោយពេលកើតហេតុ សមត្ថកិច្ចបានត្រួតពិនិត្យ ដើម្បីធ្វើកោសល្យវិច័យដោយបានអះអាងថា ជនរងគ្រោះពិតជាត្រូវរន្ទះបាញ់ស្លាប់ យ៉ាងពិតប្រាកដ ព្រមទាំងបានធ្វើការប្រគល់សពទៅឲ្យក្រុមគ្រួសារដើម្បីនាំយកទៅធ្វើបុណ្យតាមប្រពៃណី៕

image2image1

មតិយោបល់