ព័ត៌មានជាតិ

ក្រសួងការបរទេស ជួយអន្តរាគមន៍ ពលករធ្វើការនៅក្រៅប្រទេសចំនួន៧នាក់ មកកាន់ស្រុកកំណើតវិញ

ភ្នំពេញ: លោក ជុំ សុន្ទរី អ្នកនាំពាក្យ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានឲ្យដឹងនៅថ្ងៃទី៦ ខែឧសភា ឆ្នាំ២០១៦ ពលករ ពលការិនី ចំនួន៧នាក់ ដែលបានទៅធ្វើការនៅប្រតេសចំនួន មានម៉ាឡេស៊ី ឥណ្ឌូណេស៊ី និង ចិន ត្រូវបានក្រសួងការបរទេស ជួយអន្តរាគមន៍ នាំមកកាន់ប្រទេសកំណើតវិញ។

លោក ជុំ សុន្ទរី បានបន្តថា ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំនៅប្រទេសម៉ាឡេស៊ី បានអន្តរាគមន៍ជួយពលការិនីខ្មែរចំនួន៣នាក់ ដែលបានទៅធ្វើការផ្នែកបោសសំអាត នៅប្រទេសម៉ាឡេស៊ី ហើយជួបប្រទះការលំបាកក្នុង ការងារ ឲ្យបានវិលត្រឡប់ មកកម្ពុជាវិញ។

លោកបន្ថែមថា ពលការិនីទាំង៣នាក់ មាន ទី១ ឈ្មោះ សេង សុន្នា អាយុ ២៧ ឆ្នាំ មានស្រុកកំណើតនៅភូមិត្រពាំងឬស្សី ឃុំរស្មី ស្រុករវៀង ខេត្តព្រះវិហារ បានទៅប្រទេសម៉ាឡេស៊ី តាំងពីថ្ងៃទី១២ ខែមករា ឆ្នាំ២០១៦ តាមរយៈ ក្រុមហ៊ុនលោកជ័យ នៅកម្ពុជា និងក្រុមហ៊ុននៅប្រទេសម៉ាឡេស៊ី។ ទី២ ឈ្មោះ សេង សុន្នា បានទៅ ស្ថានទូតនៅថ្ងៃទី២៦ ខែមេសា ឆ្នាំ ២០១៦ សុំជួយឲ្យបានវិលត្រឡប់មកកម្ពុជាវិញ និង ឈ្មោះ រុន ធីម អាយុ២០ឆ្នាំ មានស្រុកកំណើតនៅភូមិគោកស្រឡៅ ឃុំចុងជាច ស្រុកតំបែរ ខេត្តត្បូងឃ្មុំ បានទៅប្រទេសម៉ាឡេស៊ី តាំងពីថ្ងៃទី២៨ ខែមីនា ឆ្នាំ ២០១៦ តាមរយៈក្រុមហ៊ុនលោកជ័យ នៅកម្ពុជា និងក្រុមហ៊ុននៅប្រទេសម៉ាឡេស៊ី។ រុន ធីម បានទៅស្ថានទូតនៅថ្ងៃទី២៦ ខែមេសា ឆ្នាំ ២០១៦ សុំជួយឲ្យបានវិលត្រឡប់មកកម្ពុជាវិញ។ ស្ថានទូត បានទំនាក់ទំនងទៅកាន់ក្រុមហ៊ុនលោកជ័យ ឲ្យបង់ពិន័យឲ្យរដ្ឋាភិបាលម៉ាឡេស៊ីនិងទិញសំបុត្រយន្តហោះ ធ្វើដំណើរ មកកម្ពុជាវិញ ឲ្យពលការិនីទាំងពីរនាក់នេះ។ ក្រុមហ៊ុន បាន យល់ព្រមតាមសំណើរបស់ស្ថានទូត។

អ្នកនាំពាក្យខាងលើបន្តថា ឈ្មោះ អ៊ំ ថូរ៉េន អាយុ៣៩ឆ្នាំ មានស្រុកកំណើតនៅភូមិត្រពាំងឬស្សី ឃុំរការប្រាំ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ បានទៅប្រទេសម៉ាឡេស៊ី តាំងពីថ្ងៃទី១២ ខែកក្កដា ឆ្នាំ ២០១៥។ អ៊ំ ថូរ៉េន បានទៅស្ថានទូតនៅថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១៦ សុំជួយឲ្យបាន វិលត្រឡប់ មកកម្ពុជា វិញ។ ស្ថានទូត បានចេញលិខិតធ្វើដំណើរបណ្ដោះអាសន្ន និងបង់ពិន័យឲ្យរដ្ឋាភិបាល ម៉ាឡេស៊ី ឲ្យពលការិនី អ៊ំ ថូរ៉េន។ ក្នុងកំឡុងពេលរង់ចាំការវិលត្រឡប់មកកម្ពុជាវិញ ស្ថានទូតបានផ្ដល់កន្លែងស្នាក់នៅនិង ការហូប ចុក ដល់ពលការិនីទាំង០៣ ខាងលើ។ ពលការិនីទាំង៣ នឹងមកដល់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ នៅថ្ងៃទី០៧ ខែ ឧសភា ឆ្នាំ ២០១៦ វេលាម៉ោង០៧:៣៥ នាទីព្រឹក តាមជើងយន្តហោះ AK 536។

ចំណែកករណីទី២ លោក លោក ជុំ សុន្ទរី បានឲ្យដឹងទៀតថា ស្ថានឯកអគ្គរាជទូតកម្ពុជា ប្រចាំនៅសាធារណរដ្ឋឥណ្ឌូណេស៊ី បានអន្តរាគមន៍ជួយពលរដ្ឋខ្មែររងគ្រោះចំនួន ៣នាក់ ឲ្យបានវិលត្រឡប់មកកម្ពុជាវិញ។

ពលរដ្ឋខ្មែរទាំង ៣នាក់ មាន ឈ្មោះ ហេង សុធា ភេទប្រុស អាយុ២៧ឆ្នាំ មានស្រុកកំណើតនៅភូមិតាសែន ឃុំទ្រាំង ស្រុកកំរៀង ខេត្តបាត់ដំបង ជាអ្នកទោសដែលទើបត្រូវបានដោះលែង។ ឈ្មោះ ប៊ុន សំបូរ ភេទស្រី អាយុ២៧ ឆ្នាំ មានស្រុកកំណើត នៅភូមិគារ ឃុំគារ ស្រុកមោងឬស្សី ខេត្តបាត់ដំបង និងកូនប្រុស អាយុ៩ខែ ឈ្មោះ Pettra។ មុនពេលទៅប្រទេស ឥណ្ឌូណេស៊ី ស្រ្តីខ្មែររូបនេះមានមុខរបរជាបុគ្គលិកអនាម័យ នៅកាស៊ីណូ នៅប៉ោយប៉ែត និងបានស្គាល់បុរស ជនជាតិឥណ្ឌូណេស៊ីម្នាក់ ដែលធ្វើការក្នុងកាស៊ីណូជាមួយគ្នា។ ក្រោយមក បានចាញ់បោកការលួងលោមពីសំណាក់បុរសម្នាក់នោះ ដោយសន្យាថានឹងរត់ឯកសាររៀបការស្របច្បាប់ ប៉ុន្តែពុំបានរៀបអាពាហ៍ពិពាហ៍ត្រឹមត្រូវទេ បុរសរូបនេះ បានបង្ខាំង និងវាយធ្វើបាបជាច្រើនដង។ ស្រ្តីរូបនេះបាននាំកូនប្រុស ឈ្មោះ Pettra ទៅស្ថានទូត ដើម្បីសុំជួយឱ្យបានវិលត្រឡប់មកកម្ពុជា។

ពលរដ្ឋខ្មែរទាំង៣ ខាងលើ នឹងមកដល់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ នៅថ្ងៃទី០៩ ខែ ឧសភា ឆ្នាំ ២០១៦ វេលាម៉ោង១៧:១០ នាទី តាមជើងយន្តហោះ MH 762។

លោកបន្តថា រីឯករណីមួយទៀត គឺស្ថានអគ្គកុងស៊ុលកម្ពុជាប្រចាំទីក្រុងក្វាងចូវប្រទេសចិន បានអន្តរាគមន៍ជួយស្រ្តីខ្មែរ ០១រូប ឈ្មោះ បេ វួចគា ដែលបានចាញ់បោកមេខ្យល់នាំយកទៅរៀបការជាមួយបុរសជនជាតិចិន នៅខេត្ត ជាំងស៊ី កាលពីឆ្នាំ ២០១៣ ដោយមានការលំបាក និងមិនអាចរស់នៅជាមួយប្ដីបានតទៅទៀត ឲ្យបានវិលត្រឡប់មកកម្ពុជាវិញ។

ស្រ្តីខ្មែររូបនេះ បានមកដល់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ នៅថ្ងៃទី០៦ ខែ ឧសភា ឆ្នាំ ២០១៦ វេលាម៉ោង១៣:២៥ នាទី តាមជើងយន្តហោះ CZ6059៕

Cambodian-maids-head-to-Malaysia

មតិយោបល់