ព័ត៌មានជាតិ

ចេញឆក់កាបូបបានហើយតែស៊យ ជិះម៉ូតូបុកគូទរថយន្តដួល ត្រូវសមត្ថកិច្ចឃាត់បានម្នាក់ ចំណែក២នាក់ទៀតរត់រួច

ភ្នំពេញៈ ជនសង្ស័យចំនួន៣នាក់ជិះម៉ូតូ២គ្រឿង ធ្វើសកម្មភាពឆក់ការបូបស្ពាយពីស្ត្រីម្នាក់ បានសម្រេចហើយព្យាយា មជិះម៉ូតូគេចខ្លួន តែជ្រុលទៅបុកគូទរថយន្តមួយគ្រឿងទៀត បណ្តាលឲ្យដួលរងរបួស ត្រូវបានសមត្ថកិច្ចឃាត់បានភ្លាមៗម្នាក់ ចំណែក២នាក់ទៀត ជិះម៉ូតូគេចខ្លួនបាត់ ។

ហេតុការណ៍ នេះបានកើតឡើងកាលពីវេលាម៉ោង៦និង២០នាទីព្រឹក ថ្ងៃទី៩ ខែមីនា ឆ្នាំ២០២១ នៅតាមបណ្តោយមហាវិថីសហព័ន្ធរុស្ស៊ី ភូមិតាងួន២ សង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

ជនសង្ស័យឈ្មោះ ឃឹម សុវណ្ណរាជ ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរនៅផ្ទះ ស្នាក់នៅភូមិកោកឃ្លាង សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ។ ជនសង្ស័យដែលគេចខ្លួនចំនួន២នាក់ទី១-ឈ្មោះ យ៉ែប ភេទប្រុស អាយុ២១ឆ្នាំ ,ទី២-ឈ្មោះ ម៉ាន ភេទប្រុស អាយុ២៣ឆ្នាំ ។ ចំណែកជនរងគ្រោះឈ្មោះ វង់ វ៉ែ ចាន់ ភេទស្រី អាយុ៣៨ឆ្នាំ មុខរបរកម្មការិនីរោងចក្រ ស្នាក់នៅសង្កាត់ គោកឃ្លាង ខណ្ឌសែនសុខ ។

តាមសម្តីជនរងគ្រោះបានឲ្យដឹងថា មុនពេលកើតហេតុ រូបគាត់បានឈរចាំជិះឡានតាក់ស៊ី ខណៈមកដល់វេលាកើតហេតុ ស្រាប់តែមានជនសង្ស័យ២នាក់ ជិះម៉ូតូមួយគ្រឿងម៉ាកឃ្លីក ពណ៌ខ្មៅ ពាក់ផ្លាកលេខភ្នំពេញ 1II 1402 មកធ្វើសកម្មភាពឆក់ការបូបស្ពាន បានសម្រេចហើយ បំណងជិះគេចខ្លួន តែជ្រុលទៅបុកគូទរថយន្តពេញទំហឹង បណ្តាលឲ្យដួលបាក់ជើងម្នាក់ ចំណែកម្នាក់ទៀតបានរត់ឡើងជិះម៉ូតូបក្ខពួកម្នាក់ទៀត គេចខ្លួនបាត់ស្រមោល ។

ក្រោយកើតសមត្ថកិច្ច បានឃាត់ខ្លួនជនសង្ស័យ យកទៅសួនាំ ចំណែកការបូបរបស់ជនរងគ្រោះ ត្រូវបានសមត្ថកិច្ចប្រគល់ជូនជនរងគ្រោះវិញ ៕

មតិយោបល់