ភ្នំពេញៈ បុរសម្នាក់បានស្លាប់បាត់បង់ជីវិត និងម្នាក់ទៀតរងរបួសធ្ងន់ ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ ក្រោយពីជួបគ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្ត២គ្រឿង បានបុកគ្នាពេញទំហឹង រហូតបណ្តាលឲ្យរថយន្តមួយគ្រឿងក្រឡាប់ផ្ងារជើង និងមួយគ្រឿងទៀតខូចខាតផ្នែកខាងមុខស្ទើរទាំងស្រុង។
ហេតុការណ៍នេះបានកើតឡើងកាលពីនៅវេលាម៉ោង ១១និង៤៥នាទី យប់ថ្ងៃទី១២ ខែមករា ឆ្នាំ២០១៧ ស្ថិតនៅតាមបណ្តោយផ្លូវឧកញ្ញាម៉ុងរិទ្ធី ក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេបានឃើញរថយន្តធន់ធំមួយគ្រឿងម៉ាក ហ៊ីយ៉ាន់ដាយ បើកបរដោយបុរសម្នាក់ ក្នុងល្បឿនលឿនខ្វះការប្រុងប្រយត្ន័តាមបណ្តោយផ្លូវខាងលើ លុះបានមកដល់ចំណុចកើតហេតុ ក៏បានបុករះជាមួយនឹងម៉ូតូមួយគ្រឿង ប៉ុន្តែដោយសារតែល្បឿនលឿនផងនោះទើបរថយន្តបង្ក ហួសទៅបុកជាមួយនឹងរថយន្តមួយគ្រឿងទៀតម៉ាកឡិចស៊ីស RX300 ពណ៌ស មួយគ្រឿង បណ្តាលឲ្យរថយន្តម៉ាកឡិចស៊ីសRX300 ខាងលើរងការខូចខាតស្ទើរទាំងស្រុង។ ចំណែកឯរថយន្តបង្ក បានក្រឡាប់ផ្ងារជើងបណ្តាលឲ្យបុរសម្នាក់ ស្លាប់បាត់បង់ជីវិតនិងម្នាក់ទៀតរបួសធ្ងន់ ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យភ្លាមៗផងដែរ។
តាមសម្តីរបស់សមត្ថកិច្ចដែលស្ថិតនៅកន្លែងកើតហេតុបានបញ្ជាក់ឲ្យដឹងថា រថយន្តបង្កធន់ធំម៉ាក ហ៊ីយ៉ាន់ដាយ នោះ បានបើកបរក្នុងទិសដៅពីកើតមកលិច ក្នុងល្បឿនលឿនមែនទែន ខណៈមកដល់ចំណុចកើតហេតុ ក៏បានបុកម៉ូតូ រួចបន្តបុករះជាមួយនឹងស្លាកសញ្ញាតាមចិញ្ចើមផ្លូវ ព្រមទាំងហួសទៅបុករថយន្ត ឡិចស៊ីសមួយគ្រឿង ដែលធ្វើដំណើរតាមដងផ្លូវផងដែរ។
ក្រោយពីកើតហេតុ សមត្ថកិច្ចជំនាញបានចុះមកធ្វើការវាស់វែង ដោយបានប្រគល់សព ជនរងគ្រោះទៅឲ្យបងប្អូនក្រុមគ្រួសារនៃសព យកទៅធ្វើបុណ្យទៅតាមប្រពៃណី។ ចំណែកអ្នករងរបួសធ្ងន់ ត្រូវបានរថយន្តសាមុយបញ្ជូនទៅមន្ទីរពេទ្យ។រីឯម្ចាស់រថយន្តបង្ករួមទាំងរថយន្ត ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន និងធ្វើការសាកសួរ ព្រមទាំងចាត់ការទៅតាមនីតិវិធីច្បាប់៕
មតិយោបល់