ក្នុងពិធីឡើងផ្ទះរបស់តារាសម្ដែងកញ្ញា អៀ ម៉េងលិ ហៅអាម៉ី លោកអ៊ូ ប៉ុណ្ណារ៉ាត ហៅនាយក្រឹមបានអះអាងថា កូនប្រុសរបស់លោកបើទោះជាត្រូវក្រុមវេជ្ជបណ្ឌិត្យថៃ ចាក់បង្ហូរខ្ទុះក្នុងខួរឆ្អឹងខ្នងដែលបានធ្វើទុក្ខ តែស្ថានភាពជំងឺនៅមិនទាន់ធូរស្បើយ ទាំងស្រុងទេ។ ជំងឺនោះ លោកថា ត្រូវការរហូតដល់ជាង១ម៉ឺនដុល្លារ ទើបលោកសម្រេចចិត្តចុះមកម្នាក់ឯង ដើម្បីឆ្លៀតពេលទទួលការងារសិល្បៈផង និងដើម្បីមកប្រមូលលុយចំនួនជាង១ម៉ឺនដុល្លារបន្ថែម យកទៅបង្គ្រប់ថ្លៃព្យាបាលកូនផង។
នាយក្រឹមនិយាយថា ក្រោយការត្រួតពិនិត្យកូនប្រុសរបស់លោក គឺមានជំងឺរបេងស៊ីខួរឆ្អឹងខ្នង ទើបក្រោយបួបបង្ហូរខ្ទុះចេញក៏ត្រូវចំណាយពេលព្យាបាលជំងឺមេរោគរបេង កុំអោយបន្តទៅស៊ីដល់សួត និងថ្លើមបន្តទៀត។ លោកថាខាងពេទ្យនៅបាងកកតម្រូវអោយចំណាយពេលព្យាបាលចំនួនកន្លះខែទៀតទើបអោយចេញ ដោយការចំណាយសរុប ទម្រាំចេញពីពេទ្យគឺដល់ជាង១ម៉ឺនដុល្លារឯណោះទើបគ្រប់ចំណាយ។ អ៊ីចឹងហើយទើបលោកសម្រេចចិត្តទុកប្រពន្ធនិងកូនម្នាក់ អោយនៅមើលកូនពៅដែលឈឺធ្ងន់នៅមន្ទីរពេទ្យថៃ ហើយចុះមកប្រមូលលុយចំនួនជាង១ម៉ឺនដុល្លារបន្ថែម យកទៅបង្គ្រប់។ លោកថាការចំណាយអស់ជាង៤ពាន់ដុល្លារហើយ ប៉ុន្តែការចំណាយទាំងការព្យាបាល និងស្នាក់នៅនឹងត្រូវប្រឈមប្រមាណជាង១ម៉ឺនដុល្លារទៀត ទើបលោកត្រូវតែចុះមកប្រមូលលុយ។ ជំងឺនេះលោកថាបើទៅព្យាបាល ក្នុងប្រទេសវៀតណាមគឺអស់តិចជាងនេះ ប៉ុន្តែមកពីភរិយាលោកទុកចិត្តពេទ្យថៃច្រើនជាងទៀត ទើបសម្រេចចិត្តយកទៅព្យាបាលនៅបាងកក។ លោកនិយាយថា«ដោយសារតែរបេងស៊ីខួរឆ្អឹងហ្នឹង ពេទ្យថាត្រូវចំណាយពេល២អាទិត្យ ឬ កន្លះទៀតទើបអោយចេញ ទើបខ្ញុំគិតថាប្រហែលជាង១ម៉ឺនទៀតទើបគ្រប់ ហើយឥឡូវយើងទូទាត់ថ្លៃពេទ្យបានតែ៤ពាន់អីទេ!»។ លោកថាដំណើរចុះមកប្រមូលលុយរបស់ខ្លួន ក៏ដើម្បីមកទទួលគ្រឿងឥស្សរយសពីសម្ដេចគតិព្រឹទ្ធបណ្ឌិត្យ និងចំពេលត្រូវច្រៀង និងកំប្លែងក្នុងកម្មវិធីឡើងផ្ទះរបស់កញ្ញាអៀ ម៉េងលិ ដែលជាប់កុងត្រាផងដែរ ទើបលោកត្រូវឡើងទៅប្រទេសថៃវិញ ភ្លាមនៅនៅថ្ងៃទី១៣ មករា នេះ ដើម្បីយកលុយទៅចាត់ចែងបន្ត៕
មតិយោបល់