ព័ត៌មានជាតិ

រថយន្តកូរ៉េមួយតោនកន្លះ បុកសួនច្បារនិងបង្គោលប៉ាន់ណូបាក់រាប រួចក្រឡាប់ផ្ងារជើង

ភ្នំពេញៈ រថយន្ដកូរ៉េមួយតោនកន្លះមួយគ្រឿង បើកបុកបរក្នុងល្បឿនលឿនខ្វះការប្រុងប្រយត្ន័ ឡើងខឿនសួនច្បារចែកទ្រូវផ្លូវ ជ្រុលទៅបុកដើមផ្កានិងបង្គោលប៉ាន់ណូ បាក់រាបដល់ដី ចំណែករថយន្តក្រឡាប់ផ្ងារជើង។

គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង៨ និង៥០នាទីយប់ ថ្ងៃទី១២ ខែមករា ឆ្នាំ២០១៧ ត្រង់ចំណុចមុខសណ្ឋាគាណាហ្សាតូ លើផ្លូវជាតិលេខ៦ ក្នុងសង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុគេបានឃើញ រថយន្តកូរ៉េចំណុះ១តោនកន្លះ ពណ៌ខៀវ គ្មានស្លាកលេខ មួយគ្រឿង បើកបរដោយបុរសម្នាក់ស្ថិតក្នុងស្ថានភាពស្រវឹង តាមបណ្ដោយផ្លូវជាតិលេខ៦ ទិសដៅពីជើងទៅត្បូង ក្នុងល្បឿនយ៉ាងលឿន លុះបានមកដល់ចំណុចកើតហេតុ ក៏រេ ចង្កូតរថយន្ត ជ្រុលទៅបុកឡើងខឿនសួនច្បារចែកទ្រូវផ្លូវ រួចបន្តទៅបុកដើមផ្ការួមទាំងបង្គោលប៉ាន់ណូ បណ្តាលឲ្យបាក់រាបដល់ដី រងការខូចខាត។ ចំណែករថយន្តបង្កបានក្រឡាប់ផ្ងារ តែសំណាងល្អមិនបង្កគ្រោះថ្នាក់ដល់អ្នកធ្វើដំណើរតាមដងផ្លូវ ។

ក្នុងរថយន្តបង្កខាងលើនោះដែរ គេសង្កេតឃើញមានកំប៉ុងស្រាបៀរ នៅក្នុងរថយន្ត ហើយមើលទៅអ្នកបើកបរក៏មានសភាពស្រវឹងស្រាផងដែរ។

ក្រោយពេលកើតហេតុ សមត្ថកិច្ចនគរបាលចរាចរណ៍មូលដ្ឋាន បានចុះមកដល់កន្លែងកើតហេតុ ដើម្បីធ្វើការវាស់វែង និងសម្រួលចរាចរណ៍ដល់អ្នកដំណើរតាមដងផ្លូវ ជៀសវាងមានការកកស្ទះ និងបានទំនាក់ទំនងទៅកាន់សមត្ថកិច្ចជំនាញខាងចរាចរណ៍ជើងគោករាជធានីភ្នំពេញ ចុះមកធ្វើការវាស់វែង យករថយន្តបង្ក ទៅរក្សាទុកនៅការិយាល័យនគរបាលចរាចរណ៍ជើងគោកនៃស្នងការដ្ឋានគរបាលរាជធានីភ្នំពេញ ដើម្បីរង់ចាំដោះស្រាយគ្នាតាមផ្លូវច្បាប់៕

មតិយោបល់