ភ្នំពេញៈ ជនសង្ស័យ២នាក់ត្រូវបានប្រជាពលរដ្ឋចាប់បានប្រគល់ឲ្យសមត្ថកិច្ច បន្ទាប់ពីធ្វើសកម្មភាពឆក់ទូរសព្ទដៃមិនបានសម្រេច បង្កជាការភ្ញាក់ផ្អើលកើតមានឡើងកាលពីវេលាម៉ោង៧និង១០នាទីយប់ ថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៨ត្រង់ចំណុចខាងមុខកើតសាលាវ៉េសស្តើន ប្រមាណ៥០០ម៉ែត្រ តាមបណ្ដោយផ្លូវ៥៦៦ ស្ថិតក្នុងសង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក។
បើតាមសម្តីពីស្តីរងគ្រោះមានឈ្មោះ សោ ភ័ណ្ឌ អាយុ៣២ឆ្នាំ បានរៀបរាប់ប្រាប់ឲ្យដឹងថា នៅមុនពេលកើតហេតុគាត់និងកូនស្រីរួមទាំងក្មួយប្រុសតូចៗចំនួន២នាក់ បានជិះម៉ូតូកង់មួយគ្រឿងម៉ាកបាចា ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ1GZ-7304 ដែលបើកបរដោយបុរសម្នាក់ តាមបណ្ដោយផ្លូវលេខ៥៦៦ ក្នុងទិសដៅពីលិចទៅកើត។ ដោយជិះចេញពីផ្ទះនៅម្តុំកាំខូស៊ីតធីបំណងជិះទៅញ៉ាំសាច់អាំងនៅម្តុំផ្សារទួលគោក។ លុះមកដល់ចំណុចកើតហេតុ ក៏ស្រាប់តែលេចមុខជនសង្ស័យចំនួន២នាក់ ជិះម៉ូតូមួយគ្រឿងម៉ាក ហុងដាស្កុបពី ពណ៌ស គ្មានស្លាកលេខ ជិះមកពីក្រោយហើយបានធ្វើសកម្មភាពឆក់ទូរសព្ទដៃមួយគ្រឿងម៉ាក សាំសុងអេហ្វាយ ពីជនរងគ្រោះដែលកំពុងតែកាន់លេង តែមិនបានសម្រេច។ ភ្លាមៗនោះអ្នកបើកម៉ូតូកង់បីខាងលើឃើញដូចក៏បើកម៉ូតូកង់បីកៀរម៉ូតូរបស់ជនសង្ស័យបណ្តាលឲ្យម៉ូតូរបស់ជនសង្ស័យដួលបង្កជាការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋដែលនៅក្បែរនោះចេញមកជួយចាប់បាន រួចក៏ប្រគល់ទៅឲ្យសមត្ថកិច្ចមូលដ្ឋានយកទៅសួរនាំ។
ជនសង្ស័យទី១មួយមានឈ្មោះ ឌី ដារ័ត្ន ភេទប្រុស អាយុ២០ឆ្នាំ មុខរបរពិតប្រាកដ ស្នាក់នៅសង្កាត់ភ្នំពេញថ្មីខណ្ឌសែនសុខ។ ទី២មានឈ្មោះម៉ៅ បញ្ញា អាយុ១៦ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅសង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ។
ក្រោយពេលកើតហេតុជនសង្ស័យទាំង២នាក់ខាងលើរួមទាំងវត្ថុតាងត្រូវបានសមត្ថកិច្ចនាំខ្លួនយកទៅសាកសួរនាំនៅប៉ុស្តិ៍នគរបាលរដ្ឋបាលបឹងកក់ទី២ដើម្បីកសាងសំណុំរឿងបញ្ជូនខ្លួនទៅអធិការដ្ឋាននគរបាលខណ្ឌទួលគោករង់ចាំធ្វើការចាត់ការទៅតាមនីតិវិធីច្បាប់៕
មតិយោបល់