ព័ត៌មានជាតិ

កម្មករម្នាក់ លោតសម្លាប់ខ្លួនពីលើសំណង់អាគារ២២ជាន់

ភ្នំពេញៈ ហេតុការណ៍ភ្ញាក់ផ្អើលយ៉ាងខ្លាំងមួយបានកើតឡើង បន្ទាប់ពីបុរសម្នាក់ ដែលត្រូវបានគេដឹងថាជាកម្មករសំណង់ បានលោតសម្លាប់ខ្លួនពីលើ សំណង់អាគារកម្ពស់២២ជាន់ ធ្លាក់មកទើនៅលើសំយ៉ាបផ្ទះប្រជាពលរដ្ឋ បណ្តាលឲ្យរមៀលធ្លាក់ចុះមកខាងក្រោមរបួសយ៉ាងធ្ងន់ធ្ងរស្លាប់ក្រោយពីបញ្ជូនទៅដល់មន្ទីរពេទ្យ ។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៦និង៣០នាទី ព្រឹកថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៧ ស្ថិតនៅចំណុចការដ្ឋានសំណង់លេខ២៣ ផ្លូវ២១៤ កែងនឹងផ្លូវ៥១ ភូមិ២ សង្កាត់បឹងរាំង ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

បើតាមសម្តីរបស់មេការសំណង់ ឈ្មោះ ហាវ ភេទប្រុស អាយុ៤០ឆ្នាំ បានឲ្យដឹងថា ជនរងគ្រោះដែលស្លាប់ខាងលើនេះ មានឈ្មោះ ឃុំ ចាន់ធឿន ភេទប្រុស អាយុ៣៣ឆ្នាំ កម្មករផ្នែកឥដ្ឋការ៉ូ មានស្រុកកំណើតខេត្តកំពង់ស្ពឺ។

មេការសំណង់ខាងលើបានបន្តឲ្យដឹងទៀតថា សម្ភារៈរបស់ជនរងគ្រោះរួមមានសម្លៀកបំពាក់ កាបូប ទូរសព្ទ រួមនិងរបស់របរផ្សេងៗទៀត ត្រូវបានគេរុះរើ កកាយអស់ហើយ។

ពាក់ពន្ធ័នឹងការលោតសម្លាប់ខ្លួនពីលើសំណង់អាគារខាងលើនេះ មិនត្រូវបានប្រភពណាអះអាងច្បាស់ការណ៍ ថា ជនរងគ្រោះធ្លាក់ពីលើជាន់ទីប៉ុន្មានឲ្យច្បាស់នោះទេ ព្រោះថាប្រភពខ្លះនិយាយថា ជនរងគ្រោះលោតទម្លាក់ខ្លួនពីលើជាន់ទី២។ ខ្លះទៀតថា ជនរងគ្រោះលោតទម្លាក់ខ្លួនពីលើជាន់ទី៥។ រួចធ្លាក់មកទើ នៅលើសំយ៉ាបផ្ទះប្រជាពលរដ្ឋដែលនៅខាងត្បូងសំណង់អាគារខាងលើ បណ្តាលឲ្យជនរងគ្រោះរមៀលធ្លាក់ចុះមកខាងក្រោម បង្កឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង។ក្នុងនោះដែរ ប្រជាពលរដ្ឋខ្លះថា ប្រហែលមកពីជនរងគ្រោះខាងលើមានវិបត្តិអ្វីមួយ ខ្លះទៀតថា អាចមកពីជនរងគ្រោះបែកថ្នាំញៀន ទើបលោតទម្លាក់ខ្លួនបែបនេះ។

បន្ទាប់ពីធ្លាក់មកដល់ខាងក្រោម ជនរងគ្រោះខាងលើត្រូវបានគេប្រញាប់បញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យកាល់ម៉ែតភ្លាមៗ ប៉ុន្តែជាអកុសលជនរងគ្រោះបានដាច់ខ្យល់ស្លាប់ហើយ។

ខណៈនេះ សមត្ថកិច្ចជំនាញផ្នែកកោសល្យវិច័យខណ្ឌនិងក្រុង បាននិងកំពុងចុះមកធ្វើការពិនិត្យទៅលើសាកសពជនរងគ្រោះដើម្បីរកមូលហេតុនៃការស្លាប់ពិតប្រាកដ៕

https://www.youtube.com/watch?v=gKX3D9OTKgE&feature=youtu.be

មតិយោបល់