ភ្នំពេញៈ គូស្នេហ៍មួយគូ បានជិះម៉ូតូ១គ្រឿងឌុបគ្នា ហើយព្យាយាមជិះវ៉ារថយន្ត ១គ្រឿង ដែលកំពុងបើកបរស្របទិសគ្នា ក៏ជ្រុលចង្កូតទៅបុករះរបាំចែកទ្រូងផ្លូវ បណ្តាលឱ្យដួលម៉ូតូផ្លោងខ្ទាតលើថ្នល់ ស្របពេលនោះ មានរថយន្ត១គ្រឿងទៀតកំពុងបើកស្របទិសគ្នា កិនអូសជាង ៥ម៉ែត្រស្លាប់ភ្លាមៗ ទាំងពីរនាក់នៅកន្លែងកើតហេតុគួរឲ្យរន្ធត់។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់នេះ បានកើតឡើងកាលពីវេលាម៉ោង៤និង៥នាទីទៀបភ្លឺ ថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៧ ស្ថិតតាមបណ្តោយជាតិលេខ៤ នៅត្រង់ចំណុចការដ្ឋានធ្វើស្ពានសម្រាប់អ្នកថ្មើរជើងផ្សារជម្ពូវន្ត័ ក្នុងសង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
សមត្ថកិច្ចបានឱ្យដឹងថា នៅមុនកើតហេតុ ជនរងគ្រោះទាំង២នាក់ បានជិះម៉ូតូ ១គ្រឿងម៉ាក MSX ពណ៍ខ្មៅ ពាកស្លាកលេខ ភ្នំពេញ 1FW-5829 ជិះតាមបណ្តោយផ្លូវជាតិលេខ៥ ក្នុងទិសដៅពីលិចទៅកើត លុះជិះមកដល់ចំណុចកើតហេតុខាងលើបានព្យាយាមវ៉ារថយន្ត១គ្រឿងមិនចាំម៉ាក ដែលកំពុងបើកបរស្របទិសគ្នា ក៏រេចង្កូតជ្រុលទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវ ដែលទើបនឹងដាក់ថ្មីៗ គ្មានភ្លើងសញ្ញារបស់ក្រសួងសាធារណ:ការ បណ្តាលឲ្យម៉ូតូដួល ផ្លោងអ្នកជិះទាំង២នាក់នៅថ្នល់ សំណាងអាក្រក់ ស្របពេលនោះ ក៏មានរថយន្តកុងតឺន័រមួយគ្រឿង ពាក់ស្លាកលេខ ភ្នំពេញ 3B-5187 ទៀត ដែលកំពុងបើកស្របទិសគ្នា កិនអូសជនរងគ្រោះទាំងពីរនាក់ជាង៥ម៉ែត្រ បណ្តាលឱ្យបែកក្បាលធ្លោយខួរស្លាប់ភ្លាមៗ នៅនិងកន្លែកើតហេតុទាំងគូគួរឲ្យរន្ធត់បំផុត ។
សមត្ថកិច្ចបានឱ្យដឹងបន្ថែមទៀតថា ជនរងគ្រោះ ដែលស្លាប់បាត់បង់ជីវិតនោះ នៅមិនទាន់អត្តសញ្ញាននៅឡើយទេ ព្រោះពេលកើតហេតុ មានជនឆក់ឪកាសមកលួចយកទូរសព្ទរបស់ជនរងគ្រោះទៅបាត់។
សមត្ថកិច្ចបានបន្តទៀតថា បន្ទាប់មកសមត្ថកិច្ចជំនាញ បានចុះមកកន្លែងកើហតុ ធ្វើការវាស់វែង យករថយន្តកុងតឺន័រ និងម៉ូតូរងគ្រោះទៅរក្សារទុក នៅការិយាល័យចរាចរណ៍ជើងគោក រាជធានីភ្នំពេញ ដើម្បីរង់ចាំការដោះស្រាយគ្នា ទៅតាមផ្លូវច្បាប់។ រីឯសពជនរងគ្រោះសមត្ថកិច្ចនិងទំនាក់ទំនងទៅក្រុមគ្រួសារឲ្យដឹង និងមកទទួលយកទៅធ្វើបុណ្យតាមប្រពៃណី៕









មតិយោបល់