ព័ត៌មានជាតិ

ឆក់ទូរសព្ទដៃគេកំពុងឈប់ស្តុប ត្រូវម្ចាស់គេទាន់ ជាប់ខ្នោះសមត្ថកិច្ចចឹង!..

ភ្នំពេញ: ជនសង្ស័យ២នាក់ ត្រូវបានកម្លាំងនគរបាលព្រហ្មទណ្ឌខណ្ឌ៧មករា ឃាត់ខ្លួនភ្លាមៗ បន្ទាប់ពីធ្វើសកម្មភាពឆក់ទូរសព្ទដៃរបស់គេដែលកំពុងឈប់ស្តុបបានសម្រេច រួចយកមកដាក់ក្នុងហោប៉ាវអាវ។

ហេតុការណ៍នេះបង្កឲ្យមានការភ្ញាក់ផ្អើល និងបង្កការកកស្ទះចរាចរណ៍ កាលពីវេលាម៉ោង១១ និង៥០នាទី ថ្ងៃត្រង់ទី១៦ ខែមករា ឆ្នាំ២០១៧ ស្ថិតនៅចំណុចស្តុបផ្សារដេប៉ូ ភូមិ៨ ក្រុម៥៨ ក្នុងសង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ។

ជនសង្ស័យទាំង២នាក់ ទី១ឈ្មោះ ចាន់ សីហា ភេទប្រុស អាយុ២១ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះលេខ២៥សេ ផ្លូវលំ ក្នុងសង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ និងជនសង្ស័យទី២ឈ្មោះ គង់ វុទ្ធី ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះលេខ៤២ ផ្លូវលំ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ ចំណែកជនរងគ្រោះឈ្មោះ គុយ សុខឃាង ភេទប្រុស អាយុ៣៥ឆ្នាំ ស្នាក់នៅម្ដុំអូឡាំពិក ក្នុងសង្កាត់អូឡាំពិក ខណ្ឌចម្ការមន។

ប្រភពពីជនរងគ្រោះបានឲ្យដឹងថា នៅមុនពេលកើតហេតុ រូបគាត់បានជិះម៉ូតូម៉ាក Today ពណ៌ផ្កាឈូក ពាក់ស្លាកលេខ ភ្នំពេញ 1GC-7421 តាមបណ្ដោយផ្លូវលេខ២១៥ ពីស្តុបអាងទឹក មកស្តុបផ្សារដេប៉ូ គោលបំណងទៅយកកូនពីសាលាឯកជន ក្បែរផ្សារដេប៉ូ តែខណ:កំពុងឈប់ស្តុប ស្រាប់តែមានជនសង្ស័យ២នាក់ ជិះម៉ូតូ១គ្រឿងម៉ាកនិច ពណ៌ខ្មៅ គ្មានស្លាកលេខ មកពីក្រោយហើយអែបខាងស្ដាំ បានឆក់យកទូរសព្ទដៃពីហោប៉ាវអាវរបស់បុរសជនរងគ្រោះ តែត្រូវបានបុរសជនរងគ្រោះ ចាប់ប្រតាយប្រតាប់គ្នា ហើយស្រែកថាចោរៗ ស្របពេលកម្លាំងជំនាញផ្នែកព្រហ្មទណ្ឌខណ្ឌ៧មករា កំពុងល្បាតក្នុងមូលដ្ឋានក្បែរនោះ ឃើញក៏ជួយអន្តរាគមន៍និងចាប់ខ្លួនជនសង្ស័យភ្លាមៗតែម្តង។

បច្ចុប្បន្នជនសង្ស័យទាំង២នាក់ត្រូវកម្លាំងនគរបាលនាំមកឃុំខ្លួនបណ្ដោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌ៧មករា ដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់៕

មតិយោបល់