ឧត្តរមានជ័យៈ ករណីគ្រោះថ្នាក់ចរាចរណ៍មួយ បង្កឡើងដោយខ្លួនឯង គឺជនរងគ្រោះជិះម៉ូតូលឿន ទៅបុកបង្គោលផ្លាកសញ្ញាចរាចរណ៍តាមផ្លូវ បាក់ចំនួន០១ដើម ព្រមទាំងបណ្តាលឲ្យស្លាប់ម្នាក់ និងរបួសធ្ងន់ស្រាល ៣នាក់។
ហេតុការណ៍នេះ កើតទ្បើងកាលពីវេលាម៉ោង ៩ និង៣០នាទីថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២០ ត្រង់ចំណុចបង្គោលគីឡូលេខ ៧២ ភូមិទូលព្រិច ឃុំថ្លាត ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ។
ដំណើររឿង៖ ដំបូងទ្បើយគេឃើញ ម៉ូតូ១គ្រឿង ម៉ាកសេ១២៥ ស៊េរី២០០៣ ពណ៌ក្រហម គ្មានផ្លាកលេខ ជិះគ្នាចំនួន០៤នាក់ ធ្វើដំណើរពីកើតទៅលិច ក្នុងល្បឿនយ៉ាងលឿន។ លុះមកដល់ត្រង់ចំណុចផ្លូវកោង បានរេចង្កូតទៅបុកបង្គោលផ្លាកសញ្ញាចរាចរណ៏តាមផ្លូវ បាក់ចំនួន០១ដើម បណ្តាលឲ្យស្លាប់ម្នាក់ របួសធ្ងន់ចំនួន០២នាក់ និងរបួសស្រាលម្នាក់។
ជនរងគ្រោះទី១.ឈ្មោះ ឈឹង ស្រីឃាន ភេទស្រី អាយុ១៤ឆ្នាំ សិស្សសាលារស់នៅ ភូមិទូលក្រឡាញ់ ឃុំថ្លាត ស្រុកអន្លង់វែង រងរបួសធ្ងន់ (លើដើមទ្រូង និងក្បាល)។
ទី២.ឈ្មោះ បែន មនោរម្យ ភេទប្រុស អាយុ១២ឆ្នាំ សិស្សសាលា រស់នៅភូមិថ្នល់ទទឹង ឃុំ/ស្រុកអន្លង់វែង រងបួសធ្ងន់។
ទី៣.ឈ្មោះ ឃុន ចិត្រា ភេទស្រី អាយុ១៤ឆ្នាំ សិស្សសាលា រស់នៅភូមិកោះថ្មី ឃុំ/ស្រុក អន្លង់វែង ជាអ្នកបើកម៉ូតូរងរបួសស្រាល។
និងទី៤.ឈ្មោះ សាន់ សៅនី ភេទស្រី អាយុ១៤ឆ្នាំ សិស្សសាលា រស់នៅភូមិថ្កូវ ឃុំផ្អៅ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ រងរបួសធ្ងន់ បញ្ជូនដល់មន្ទីពេទ្យបង្អែកស្រុកអន្លង់វែង (ស្លាប់)។
ក្រោយកើតហេតុ សមត្ថកិច្ច បានចុះវាស់វែង យកវត្ថុតាងម៉ូតូទៅរក្សាទុកនៅប៉ុស្តិ៍រដ្ឋបាលឃុំថ្លាត ចំណែកឯជនរងគ្រោះ បញ្ចូនទៅសម្រាកព្យាបាលនៅមន្ទីពេទ្យបង្អែកស្រុកអន្លង់វែង៕
មតិយោបល់