ពោធិ៍សាត់ៈ គួរឲ្យអាសូរពន់ពេក គ្រាដែលក្មេងស្រីទើបតែអាយុ៦ឆ្នាំម្នាក់ ត្រូវបានស្លាប់ភ្លាមៗ ក្រោមកង់រថយន្ត ដែលកិនបែកក្បាលធ្លាយខួរស្លាប់នៅលើផ្លូវ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់នេះ កើតឡើងនៅវេលាម៉ោង១១៖៣០នាទី ថ្ងៃត្រង់ ថ្ងៃទី១៦ ខែមករា ឆ្នាំ២០១៧ នៅចំណុចមុខចម្ការម៉ៃសាក់ ម្តុំជិតស្ពានរូងខ្លា ស្ថិតក្នុងភូមិទួលគ្រួស សង្កាត់ចំរើនផល ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់។
សមត្ថកិច្ចមូលដ្ឋានឲ្យដឹងថា ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ កើតឡើងដោយនៅវេលាកើតហេតុខាងលើ មានម៉ូតូមួយគ្រឿងធ្វើដំណើរក្នុងទិសដៅពីទិសខាងជើងទៅត្បូង បានបុកក្មេងស្រីរងគ្រោះ ហើយខ្ទាតចូលរថយន្តដឹកថ្ម ដែលកំពុងបើកបរក្នុងទិសដៅបញ្ច្រាសគ្នា ក៏បានកិនចំក្បាលក្មេងស្រីរងគ្រោះនោះ បណ្តាលឲ្យបែកក្បាល ចេញធ្លាយខួរស្លាប់ភ្លាមៗនៅនឹងកន្លែង។
បើតាមសមត្ថកិច្ច កុមារីរងគ្រោះមានឈ្មោះ ឯក សំណាង អាយុ៦ឆ្នាំ មានឪពុកឈ្មោះ តី អឺ អាយុ៣០ឆ្នាំ និងម្តាយឈ្មោះ ជ័យ នីន អាយុ៣៨ឆ្នាំ។
បច្ចុប្បន្នសមត្ថកិច្ចជំនាញកំពុងបើកការស្រាវជ្រាវតាមស្វែងរករថយន្តបង្ក មកផ្ដន្ទាទោសតាមច្បាប់ ខណៈនៅក្រោយកើតហេតុរថយន្តបង្កមិនបានឈប់នោះទេ។ ដោយឡែក សាកសពកុមារីរងគ្រោះត្រូវបានប្រគល់ជូនគ្រួសារធ្វើបុណ្យតាមប្រពៃណីនៅគេហដ្ឋាន៕



មតិយោបល់