ភ្នំពេញៈ ជនសង្ស័យដែលជាមុខសញ្ញាធ្វើសកម្មភាពលួចទូរសព្ទរបស់គេនៅក្នុងមន្ទីរពេទ្យយ៉ាងសកម្មម្នាក់ ត្រូវបានសន្តិសុខមន្ទីរពេទ្យព្រះកុសុមៈ ធ្វើការឃាត់ខ្លួនប្រគល់ឲ្យសមត្ថកិច្ច កាលពីវេលាម៉ោង២និង៣០នាទីយប់ឈានចូលថ្ងៃទី១៩ ខែមករា ឆ្នាំ២០១៧ ក្នុងសង្កាត់ទឹកល្អក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។
ប្រភពព័ត៌មានពីសន្តិសុខនៅមន្ទីរពេទ្យខាងលើបានប្រាប់ឲ្យដឹងថា នៅមុនពេលកើតហេតុ គេបានឃើញយុវជនម្នាក់ ដើរពេញពេទ្យព្រះកុសុមៈ អស់រយៈពេលយូរមកហើយ មើលទៅសកម្មភាពរបស់ជនសង្ស័យខាងលើ ហាក់បីដូចជាមិនសូវស្រួល ទើបសន្តិសុខរូបនេះមានការសង្ស័យ ក៏ហៅមកសាកសួរ។ បន្ទាប់ពីសាកសួរនិងធ្វើការឆែកឆេរខ្លួនជនសង្ស័យខាងលើនោះមក ទើបឃើញថា នៅក្នុងខ្លួនរបស់ជនសង្ស័យមាន ប័ណ្ណបញ្ចាំទូរសព្ទដៃ១គ្រឿង ជាប្រភេទទូរសព្ទដៃមួយគ្រឿង ដែលជនរងគ្រោះបានបាត់នៅក្នុងមន្ទីរពេទ្យកាល់ម៉ែត។
គួរបញ្ជាក់ផងដែរថា ជនរងគ្រោះម្នាក់បានបាត់ទូរសព្ទដៃរបស់ខ្លួន ខណៈពេលចូលទៅក្នុងមន្ទីរពេទ្យកាល់ម៉ែត សម្រាកចាំប្រពន្ធឆ្លងទន្លេមួយភាំង ក៏បាត់ទូរសព្ទតែម្តង។ ហើយការបាត់នេះ មានរយៈពេល១០ថ្ងៃមកហើយ លុះដល់ថ្ងៃកើតហេតុ ជនសង្ស័យខាងលើ បានមកធ្វើសកម្មភាពដដែល នៅមន្ទីរពេទ្យព្រះកុសុមៈ ប៉ុន្តែត្រូវសន្តិសុខឃាត់ខ្លួនដោយសង្ស័យ បុរសម្នាក់នោះធ្វើសកម្មភាពដើរពេញពេទ្យមិនទំនង ហើយជនសង្ស័យបានឆ្លើយថាខ្លួនរើសបានទូរសព្ទនោះទៅវិញ។
ក្រោយពេលកើតហេតុ សន្តិសុខបានឆែកឃើញប័ណ្ណបញ្ចាំទូរសព្ទដៃដែលជនសង្ស័យបានលួចពីមន្ទីពេទ្យខាងលើ បន្ទាប់មកបានប្រគល់ខ្លួនជនសង្ស័យរូបនេះ ទៅឲ្យសមត្ថកិច្ចនាំទៅធ្វើការសាកសួរនៅប៉ុស្តិ៍វិញម្តង ដើម្បីចាត់ការទៅតាមផ្លូវច្បាប់៕
មតិយោបល់