ភ្នំពេញៈ រថយន្តឡង់គ្រឺស័រ ពាក់ស្លាកលេខរដ្ឋ20 . 2-3333 មួយគ្រឿង បើកបរខ្វះការប្រុងប្រយត្ន័ទៅបុកម៉ូតូម៉ាក Zoomer-X មួយគ្រឿងជិះឌុបគ្នា៣នាក់ បណ្តាលឲ្យខ្ទាតអ្នកជិះម៉ូតូទៅលើដងផ្លូវ ចំណែកម៉ូតូត្រូវអូសជាប់ក្រោម តាំងពីចំណុចកណ្តាលស្តុបអាងទឹកអូឡាំពិក រហូតមកដល់ ផ្លូវលេខ១៦៨ កែងនឹងផ្លូវលេខ២៨៤ ក្រោយវត្តមហាមន្ត្រី ក៏ត្រូវបានកម្លាំងរាជអាវុធហត្ថខណ្ឌ៧មករា ដេញឃាត់បានទាន់ កុំអីមិនដឹងរថយន្តនេះបើកដល់ណានោះទេ។ ហេតុការណ៍នេះ បានកើតឡើង កាលពីវេលាម៉ោង១០ និង៣០នាទី យប់ថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៧ ស្ថិតក្នុងសង្កាត់ទួលស្វាយព្រៃ២ ខណ្ឌចំការមន រាជធានីភ្នំពេញ។
ប្រភពពីអ្នកដែលបានឃើញហេតុការណ៍បានឲ្យដឹងថា មុនពេលកើតហេតុ គេបានឃើញរថយន្តមួយគ្រឿង ពាក់ស្លាកលេខរដ្ឋ 20 2-3333 បើកបរដោយបុរសម្នាក់ តាមបណ្តោយផ្លូវលេខ២១៥ ក្នុងទិសដៅពីជើងទៅត្បូង លុះបានមកដល់ជិតស្តុបអាងទឹកអូឡាំពិក ក៏មានយុវជន៣នាក់ ជិះម៉ូតូមួយគ្រឿងម៉ាក Zoomer-X ធ្វើដំណើរតាមបណ្តោយផ្លូវព្រះសីហនុ ក្នុងទិសដៅពីត្បូងទៅជើង ហើយមកដល់ស្តុបអាងទឹក ក៏បត់ឆ្វេង ទៅផ្លូវមុនីរ៉េត ស្របពេលរថយន្ត មកដល់ក៏ត្រូវរថយន្តបង្ក បុកចំពីមុខម៉ូតូយ៉ាងពេញទំហឹង ខ្ទាតអ្នកជិះម៉ូតូទាំង៣នាក់ចេញពីលើម៉ូតូធ្លាក់ទៅលើដងផ្លូវរបួសស្រាល។ ចំណែកម៉ូតូ បានគាបជាប់ខាងក្រោមរថយន្តបង្កប៉ុន្តែបែរជាមិនឈប់នោះទេ ផ្ទុយទៅវិញរថយន្តបង្កខាងលើនេះ បានព្យាយាមបើកទៅមុខរហូត ទោះជាមានម៉ូតូជនរងគ្រោះគល់ជាប់យ៉ាងណាក៏ដោយ។
ទោះជាយ៉ាងអ្នកដំណើររួមទាំងកម្លាំងរាជអាវុធហត្ថខណ្ឌ៧មករា កំពុងល្បាតនោះឃើញហេតុផ្ទាល់ ក៏ជិះម៉ូតូដេញតាមស្ទាក់រថយន្តបង្កពាក់ស្លាកលេខរដ្ឋ 20 2-3333 នេះ រហូតមកដល់ផ្លូវលេខ១៦៨ កែងផ្លូវលេខ២៨៤ ក្រោយវត្តមហាមន្ត្រី ទើបរថយន្តនេះព្រមឈប់ ។
ពាក់ពន្ធ័នឹងទង្វើបុករត់នេះដែរ ប្រជាពលរដ្ឋជាច្រើននាក់នៅកន្លែងកើតហេតុ បានខឹងសម្បារយ៉ាងខ្លាំង ចំពោះបុរសដែលជាអ្នកបើករថយន្តខាងលើ ដែលបើកបុកគេហើយ មិនឈប់ដោះស្រាយ តែបែរជាព្យាយាមបើកគេចទាំងម៉ូតូរងគ្រោះ នៅជាប់ក្រោមកង់រថយន្តរបស់ខ្លួន។ នេះសំណាងហើយដែលមានកម្លាំងរាជអាវុធហត្ថ ខណ្ឌ៧មករាមកដល់ទាន់ពេលវេលា កុំអីបុរសអ្នកបើករថយន្តនេះ មិនដឹងត្រូវប្រជាពលរដ្ឋប្រលះយ៉ាងណានោះទេ។
បន្ទាប់ពីកើតហេតុភ្លាមៗ បុរសចំណាស់ដែលជាអ្នកបើកបររថយន្តខាងលើនោះ ត្រូវបានខាងសមត្ថកិច្ចឃាត់ យកមកកាន់ប៉ុស្តិ៍រដ្ឋបាលសង្កាត់អូរឡាំពិក ខ្លាចកើតហិង្សារចំពោះបុរសវ័យចំណាស់ នោះដោយប្រការណារមួយ។
ក្រោយកើតហេតុប្រហែល១០នាទី ក៏មានក្រុមគ្រួសារក៏ដូចបុរសដែលបើករថយន្តបង្ក ក៏ចូលមកចរចារដោះស្រាយគ្នា នៅមុខសមត្ថកិច្ច ជាមួយម្ចាស់ម៉ូតូរងគ្រោះដើម្បីបញ្ចប់រឿងផងដែរ៕
មតិយោបល់