ភ្នំពេញៈ បុរសម្នាក់ មិនស្គាល់អត្តសញ្ញាណ ជិះម៉ូតូរោទ៍សម្លេងលឺៗ នៅមុខអ្នកអង្គុយផឹកស៊ី ហើយគ្រាន់តែអ្នកផឹកស៊ីនិយាយថា បងឯងរោទ៍ម៉ូតូលឺម្ល៉េះ?ប៉ុណ្ណឹងសោះ ស្រាប់តែបុរសរូបម្នាក់នោះ ឈប់ម៉ូតូ រួចដកកាំភ្លើងបាញ់រះ សំដៅមកលើអ្នកអង្គុយផឹកស៊ីចំនួន២គ្រាប់ ហើយជិះម៉ូតូគេចខ្លួនបាត់តែម្តង។ សំណាងល្អមិនបណ្ដាលឲ្យមានអ្នករងរបួស។
ហេតុការណ៍ផ្ទុះអាវុធខាងលើនេះ បានបង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៨និង៥០នាទី យប់ថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៧ ស្ថិតនៅចំណុចខាងក្រោយជាប់របងវត្តឧណាឡោម តាមបណ្ដោយផ្លូវលេខ១៣ កែងផ្លូវលេខ១៥៤ ក្នុងសង្កាត់ជ័យជំនះ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
បើតាមសម្ដីបុរសម្នាក់ ដែលជាអ្នកអង្គុយផឹកស៊ីជាមួយបុរស៣នាក់ទៀត បានឲ្យដឹងថា នៅមុនពេលកើត គឺរូបគាត់និងមិត្តភក្តិ៣នាក់ទៀត ព្រមទាំងមានប្រពន្ធនិងកូនតូចម្នាក់ទៀត បាននាំគ្នាមកអង្គុយផឹកស៊ីនៅកន្លែងកើតហេតុ ហើយពេលដែលកំពុងតែអង្គុយផឹកស៊ីនិងជជែកគ្នាលេងនោះ ស្រាប់តែមានបុរសម្នាក់ជិះម៉ូតូមួយគ្រឿងម៉ាក ហុងដាឌ្រីមសង់ ស៊េរីឆ្នាំ ២០១៥ ពណ៌ខ្មៅ មិនចាំស្លាកលេខ បានជិះមកជិតហើយរោទ៍សម្លេងម៉ូតូលឺៗ។
ប្រភពដដែលបានបន្តថា ពេលឃើញដូចនោះ រូបគាត់ក៏បាននិយាយថា បងឯងរោទ៍ម៉ូតូលឺម្ល៉េះ? បើចង់ផឹកបានតើ! ពេលនោះបុរសដែលជិះម៉ូតូ ក៏ឈប់ម៉ូតូហើយដកកាំភ្លើង អាមេ បាញ់រះមកលើពួកគាត់ចំនួន២គ្រាប់ ហើយឡើងជិះម៉ូតូគេចខ្លួនបាត់ តែម្តង សំណាងល្អមិនបណ្ដាលឲ្យមានអ្នករងរបួសនោះទេ។
ប្រភពបានបញ្ជាក់ផងដែរថា រូបគាត់ហើយនិងមិត្តភក្តិរបស់គាត់ គឺមិនដែលមានទំនាស់ជាមួយអ្នកណានោះទេ ហើយក៏មិនដែលស្គាល់ជនបង្កនោះដែរ។
ក្រោយកើតហេតុកម្លាំងសមត្ថកិច្ច និងកម្លាំងកងរាជអាវុធហត្ថមូលដ្ឋាន បានចុះទៅកន្លែងកើតហេតុ ហើយបានត្រឹមដើរប្រមូលសំបកកន្ទុះតែប៉ុណ្ណោះ ព្រោះជនបង្កបានគេចខ្លួនបាត់ទៅហើយ៕
មតិយោបល់