ព័ត៌មានជាតិ

ទុស្សេខ្សែភ្លើង ឆេះឃ្លាំងរោងចក្រ QMI ខូចខាតទ្រព្យសម្បត្តិមួយចំនួនធំ

កណ្តាលៈ អគ្គិភ័យមួយបណ្តាលមកពីការទុស្សេខ្សែភ្លើង បង្កជាការឆាបឆេះឃ្លាំងក្នុងរោងចក្រ QMI យ៉ាងសន្ធោសន្ធៅផ្អើលពលរដ្ឋនិងកម្លាំងមានសមត្ថកិច្ចជាច្រើននាក់ចុះមកអន្តរាគមន៍បាញ់ទឹកពន្លត់ កាលពីវេលាម៉ោង៨និង៤៥នាទី យប់ថ្ងៃទី១៩ ខែមករា ឆ្នាំ២០១៧ ស្ថិតនៅភូមិត្រយឹង ឃុំពើក ស្រុកអង្គស្នួល ខេត្តកណ្ដាល។

ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេឭសូរសំឡេងទុស្សេខ្សែភ្លើងចេញពីឃ្លាំងក្នុងរោងចក្រQMI ខាងលើដែលធ្វើពីថ្មបេតុង ប្រក់សង័្កសី កម្ពស់៣ម៉ែត្រ បណ្តោយ៦ម៉ែត្រ ទទឹង៤ម៉ែត្រ ថែមទាំងមានផ្សែងហ៊ុយឆាបឆេះយ៉ាងខ្មួរខ្មាញ់ បង្កឲ្យមានការភ្ញាក់ផ្អើលនាំគ្នាប្រញាប់រាយការណ៍ជូនសមត្ថកិច្ចដើម្បីជួយអន្តរាគមន៍។

ក្រោយពីទទួលបានសេចក្តីរាយការណ៍នេះភ្លាម កងកម្លាំងប្រដាប់អាវុធទាំង២ប្រភេទ សហការជាមួយនិងរថយន្តពន្លត់អគ្គិភ័យ ដែលប្រចាំការនៅស្រុកអង្គស្នួល ចំនួន២គ្រឿង ចុះមកអន្តរាគមន៍បាញ់ទឹកពន្លត់ភ្លើងដែលកំពុងឆាបឆេះនេះ ឲ្យរលត់ទៅវិញ ដោយប្រើប្រាស់ទឹកអស់ចំនួន៤រថយន្ត និងទឹករបស់រោងចក្រមួយចំនួន និងបំពង់ពន្លត់អគ្គីភ័យរបស់រោងចក្រអស់ចំនួន ៥៣បំពង់។

សូមបញ្ជាក់ផងដែរថា អគ្គិភ័យខាងលើនេះមិនបណ្តាលឲ្យនរណាម្នាក់រងរបួសអ្វីនោះទេ គ្រាន់តែខូចខាត នូវអគារឃ្លាំងខាងលើ ,ទូរឈើចំនួន៣,ម៉ាស៊ីនបោកខោអាវ ចំនួន២, សាឡុងពូកចំនួន៣ ,ធុងបាស់ចំនួន២, ធុងថ្នាំអូសាវ៉ែលលាងបន្ទប់ទឹកចំនួន១០ធុង, ធ្នើដែកក្រាលក្តាឈើចំនួន៤, អាំភ្លី(ចាក់ម៉េក្រូ)ចំនួន១, សំបកដបទឹកសុទ្ធ(ថ្មី)ចំនួន៤,៦០០សំបកដប រួមនិងសម្ភារៈបន្ទាប់បន្សំមួយចំនួនទៀត និងរលត់ទៅវិញនៅវេលាម៉ោង ៩និង៣០នាទីយប់ថ្ងៃដដែល៕

មតិយោបល់