ព័ត៌មានជាតិ

បុរសចំណាស់ខឹងប្រពន្ធស្ដីបន្ទោសហូបស្រាបៀរ ៣ទៅ៤កំប៉ុង ជិះម៉ូតូមកលោតទឹកសម្លាប់ខ្លួន

ភ្នំពេញ: បុរសវ័យចំណាស់ម្នាក់ ខឹងប្រពន្ធស្ដីបន្ទោសឲ្យបន្តិចបន្តួចខឹងចិត្តហូបស្រាបៀរ ៣ទៅ៤កំប៉ុង ជិះម៉ូតូមកប៉ងលោតទឹកសម្លាប់ខ្លួន តែត្រូវបានសមត្ថកិច្ចមកឃាត់នាំខ្លួនបុរសខាងលើមកសួរនាំនៅគោលដៅទី៣ ក្រោមស្ពានជ្រោយចង្វារ។

ហេតុការណ៍នេះ បានបង្កការភ្ញាក់ផ្អើលនៅវេលាម៉ោង ១និង៣០នាទីរសៀលថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២១ ត្រង់ចំណុចលើស្ពានមិត្តភាពកម្ពុជា ជប៉ុន ស្ថិតក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

បុរសខាងលើឈ្មោះ គីម សំអឿន អាយុ ៥៨ឆ្នាំ មុខរបរ (អតីត) ជាងផ្សារដែក មានស្រុកកំណើតនៅខេត្តព្រៃវែង បច្ចុប្បន្ន រស់នៅផ្ទះជួលភូមិថ្មគោល សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

តាមសំដីបុរសវ័ចំណាស់ខាងលើ បានឲ្យដឹងថា មូលហេតុដែលគាត់មកលោតទឹកសម្លាប់ខ្លួន ដោយសារខឹងប្រពន្ធកាលនៅរកលុយបានត្រូវគ្នាល្អូកល្អើន ដល់ពេលរកលុយមិនបាន ជេរស្ដីមិនឲ្យហូបបាយ ទើបខឹងចិត្តពេកទិញស្រាហូបអស់ ៣ទៅ៤កំប៉ុង ជិះម៉ូតូស្មាកវី ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1CL-4209 មកដល់លើស្ពានជ្រោយចង្វារឈប់ម៉ូតូបម្រុងលោត តែត្រូវបានប្រជាពលរដ្ឋ ដែលធ្វើដំណើរ និងសមត្ថកិច្ចឃាត់ហើយហៅមកគោលដៅដើម្បីសួរនាំ។

ក្រោយពេលកើតហេតុសមត្ថកិច្ចបានយកជនរងគ្រោះខាងលើមកធ្វើការសួរនាំ អប់រំណែនាំរួច និងសួររកលេខទូរស័ព្ទក្រុមគ្រួសារធ្វើការទំនាក់ទំនងឲ្យមកទទួលយកបុរសខាងលើត្រឡប់ទៅផ្ទះវិញ៕

មតិយោបល់