ព័ត៌មានសិល្បៈ និងកម្សាន្ត

ឃុំ ប៉ុណ្ណាដែត និយាយរឿងជំពាក់គុណគ្រូដើម

គ្មានអ្នកណាមិនដឹងនោះទេថាលោកឃុំ ប៉ុណ្ណាដែត មានកំណើតជាតារាចម្រៀងក្រោមការលើកស្ទួយទាំងស្រុងរបស់លោកអ៊ា វឌ្ឍនា ជាផលិតករ និងភរិយា តាមរយៈការបង្កើតក្រុម EV Band ដែលមានតារារួមជំនាន់របស់លោកជាច្រើននៅក្នុងនោះ។ អ៊ីចឹងហើយទើបលោកសម្ដែងការសោកស្ដាយ នៅពេលមិនទាន់មានឱកាសបានសងគុណផង ស្រាប់តែលោកបានលាចាកលោក ដែលធ្វើអោយលោកយល់ថា នៅជំពាក់គ្រូដើមពិបាកសង។

លោកបានបង្ហោះនៅលើហ្វេសប៊ុកថាលោកអ៊ា វឌ្ឍនា ដែលមុនទទួលអនិច្ចកម្ម នៅបារំាងកាលពីថ្ងៃទី១៨ មករា គឺជាអ្នកគ្រប់គ្រងក្រុមហ៊ុនថោន ថាអ្នកមានគុណសម្រាប់លោកក្នុងជីវិតសិល្បៈ។ លោកថាអតីតអ្នកបង្កើតក្រុម EV Band រូបនេះជាអ្នកហុចដៃ និងជាអ្នកដឹកដៃ ដែលអាចអោយលោកបានសា្គល់សិល្បៈ និងហែលឆ្លងក្នុងវិថីសិល្បៈ រហូតមានកេរ្តិ៍ឈ្មោះបោះសំឡេង។ លោកថាបើទោះជាក្នុងពេលខ្លះលោកអ៊ា វឌ្ឍនា និងភរិយាស្ដីបន្ទោស ក៏ស្ថិតក្នុងន័យល្អសំរាប់ប្អូន និងថារយៈពេលច្រើនឆ្នាំដែលលោកចាកចេញពីការគ្រប់គ្រង ក៏នៅតែចាំនូវការទូន្មាន ធ្វើអោយលោកទទួលបានជោគជ័យជាប់រហូតមុនពេលប្រកាសខ្លួនឈប់ច្រៀង។ លោកថាលោក អ៊ា វឌ្ឍនា ជាអ្នកមានគុណ និងជាគ្រូដើមតែម្ដងដែលលោកជំពាក់គុណច្រើនជាង ដោយមុនពេលស្លាប់គឺលោកមិនទាន់បានសងគុណ នូវអ្វីដែលធ្លាប់បានទទួលនៅឡើយ។ លោកបានបញ្ជាក់ប្រាប់Post Komsan បន្ថែមពីលើការបង្ហោះសារថា លោកមានការស្រណោះចំពោះស្នាដៃរបស់លោកអ៊ា វឌ្ឍនាខ្លាំងណាស់ ហើយបើទោះជាលោកមិនមានលទ្ធភាព ទៅគោរពសពរបស់ដល់ប្រទេសបារំាំង ក៏លោក និងភរិយា នឹងធ្វើការឧទ្ទិសរំលឹកគុណពីចម្ងាយ។ លោកគ្រោងដឹកនាំមិត្តភ័ក្ត្រចាស់ៗ និងតារាសិល្បៈដែលធ្លាប់ជំពាក់គុណលោកអ៊ា វឌ្ឍនា ទៅជួយបុណ្យ៧ថ្ងៃ របស់គ្រួសារសពនៅស្រុកខ្មែរ អោយតែគ្រួសារសពនឹងធ្វើពិធីណាមួយបន្ទាប់ពី ចប់បុណ្យសពនៅក្នុងប្រទេសបារាំង។ លោកថាឱកាសចុងក្រោយលោកមានតែរួមចំណែកជួយដល់គ្រួសារសព នៅពិធី៧ថ្ងៃ ឬ១០០ថ្ងៃ តាមតែអាចធ្វើទៅបានប៉ុណ្ណោះ ដើម្បីជាការរំលឹកដល់គុណ របស់លោកអ៊ា វឌ្ឍនា ដែលបានផ្ចុងផ្ដើមលោក៕

មតិយោបល់