ព័ត៌មានជាតិ

ជីវភាពខ្វះខាត ឆក់កណ្តុរ បែរជាឆក់ខ្លួនឯងស្លាប់!..

កណ្តាល: គួរឲ្យអាណិតណាស់ បុរសម្នាក់បានស្លាប់យ៉ាងអាណោចអាធ័ម ដោយសារជីវភាពគ្រួសារខ្វះខាត ដាច់ចិត្តទៅឆក់កណ្តុរ តែអកុសលអាក្រក់ បណ្តាលឲ្យឆក់ខ្លួនឯងស្លាប់។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១០និង១៥នាទី យប់ថ្ងៃទី១៩ ខែមករា ឆ្នាំ២០១៧ នៅក្បែរដីស្រូវរបស់ឈ្មោះខាត់ សម្បត្តិ ចំណុចខាងក្រោយភូមិ ស្ថិតនៅភូមិលេខ៥ ឃុំប្រាសាទ ស្រុកស្អាង ខេត្តកណ្ដាល។

បើតាមលោកវរសេនីយ៍ សេង សុជាតិ អធិការស្រុកស្អាង បានឲ្យដឹងថា ជនរងគ្រោះឈ្មោះ ព្រុំ ដន (ហៅ ហើម) ភេទប្រុស អាយុ៣០ឆ្នាំ មុខរបរកសិករ ទីលំនៅបច្ចុប្បន្នភូមិលេខ៥ ឃុំប្រាសាទ ស្រុកស្អាង ខេត្តកណ្ដាល។ វត្ថុតាងចាប់យក អាំងវ៉ុលទ័រ កម្លាំង១០គ្រាប់ ចំនួន១គ្រឿង និងអាគុយម៉ាក ប៉ាណាសូកា កម្លាំង៥០អំពែរ
(ក្រហម.ស)១គ្រឿង។

លោកអធិការបានប្រាប់ឲ្យដឹងថា តាមការអះអាងរបស់ប្រពន្ធជនរងគ្រោះបានឲ្យដឹងថា ជនរងគ្រោះតែងតែទៅនេសាទ (បង្កៃសន្ទួច) នៅម៉ោងប្រហែល៥ល្ងាច ជារៀងរាល់ថ្ងៃ។ លុះដល់ថ្ងៃកើតហេតុជនរងគ្រោះបានទៅនេសាទដូចរាល់ថ្ងៃលុះដល់ម៉ោងប្រហែល៩យប់ពេលបាត់ប្ដីយូរ ខុសប្លែកពីរាល់ដង ប្រពន្ធជនរងគ្រោះ ក៏បានពឹងពាក់អ្នករស់នៅជិតខាងដើម្បីជួយដើររកជនរងគ្រោះនៅទីកន្លែងដែលធ្លាប់នេសាទ រាល់ដង។ លុះដល់ម៉ោងប្រហែល១០និង១៥នាទីយប់ ក៏បានឃើញជន
រងគ្រោះដេកស្លាប់ផ្កាប់មុខក្បែរដីស្រូវរបស់ឈ្មោះ ខាត់ សម្បត្តិ ចម្ងាយ ពីម៉ាត់ទឹកប្រហែលជា១០ម៉ែត្រ ដោយសារឆក់ជាប់ខ្សែរលួសតភ្ជាប់ ជាមួយអាំងវ៉ុលទ័រ ឆក់សត្វកណ្ដុរ ដែលឈ្មោះ ខាត់ សម្បត្តិ រាយព័ទ្ធជុំវិញដីស្រូវរបស់គាត់ ដើម្បីឆក់សត្វកណ្ដុរ។ ឃើញដូចនោះប្រជាពលរដ្ឋដែលទៅជួយដើររកបាននាំគ្នាយកសាកសពមកផ្ទះ ។

លុះព្រឹកឡើងមេភូមិបានរាយការណ៍មកនគរបាលប៉ុស្ដិ៍ប្រាសាទថា មានករណី ឆក់សត្វកណ្ដុរ បណ្ដាលឲ្យស្លាប់មនុស្ស។ ពេលទទួលបានព័ត៌មានភ្លាម កម្លាំងប៉ុស្ដិ៍បាន មកដល់ផ្ទះសាកសព រួចរាយការណ៍មកកម្លាំងជំនាញបច្ចេកទេសស្រុក បានធ្វើការពិនិត្យសពដោយមានការចូលរួមពីលោក មេភូមិលេខ៥ក្រុម ប្រឹក្សាឃុំ ។

ក្រោយពីការ ពិនិត្យរបស់កម្លាំងជំនាញឃើញថា ជនរងគ្រោះពិតជាស្លាប់ដោយសារឆក់ខ្សែលួស តភ្ជាប់ជាមួយអាំងវ៉ុលទ័រ ឆក់សត្វកណ្ដុរពិតប្រាកដមែន
ដោយមានស្នាមត្រង់កំពួនដៃឆ្វេង១កន្លែង និងត្រង់ឃ្លៀកឆ្វេង បន្ទាប់ពិនិត្យរួចសពបានប្រគល់ជូនក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់