ប្រធានក្រុមហ៊ុន Facebook លោក Mark Zuckerberg ត្រូវបានគេរាយការណ៍មកថា កំពុងដាក់ពាក្យបណ្តឹងលើក្រុមគ្រួសារដើមកំណើតនៅរដ្ឋ Hawaii ជាច្រើនគ្រួ ដែលមានបុព្វសិទ្ធិពីដូនតា លើដីក្នុងបរិវេណដីតម្លៃ ១០០ លានដុល្លារ របស់ខ្លួន ក្នុងគោលបំណងបង្ខំពួកគេឱ្យចាកចេញពីដីរបស់ខ្លួន ជាមួយតម្លៃនៃសំណងដ៏សមរម្យមួយ។
យោងតាមរបាយការណ៍ពីកាសែត Honolulu Start Advertiser បានឱ្យដឹងថា ស្ថាបនិកក្រុមហ៊ុនបណ្តាញសង្គមធំបំផុតលើលោករូបនេះ កំពុងប្រើប្រាស់សកម្មភាពផ្លូវច្បាប់ ក្នុងបំណងធ្វើឱ្យដីខាងមុខឆ្នេរទំហំជិត ៣០០ ហិចតា របស់ខ្លួន នៅលើកោះ Kuai ឱ្យកាន់តែមានលក្ខណៈឯកជនភាព។

ឋិតក្រោមច្បាប់ឆ្នាំ ១៨៥០ ដែលគេស្គាល់ថាជាច្បាប់ Kuleana Act ក្រុមគ្រួសារម្ចាស់ស្រុករាប់សិបគ្រួ ថ្មីៗនេះ មានសិទ្ធិដើម្បីរស់នៅលើចំណែកដីតូចៗ ឋិតក្នុងបរិវេណដីកោះមួយកន្លែងរបស់ Mark។
យោងតាមរបាយការណ៍ដដែល មហាសេដ្ឋីវ័យក្មេងរូបនេះ កំពុងប្រើប្រាស់វិធានការផ្លូវច្បាប់តទល់ជាមួយអ្នកស្រុក Hawaii ទាំងនោះ តាមរយៈក្រុមហ៊ុនកម្មសិទ្ធិរបស់ខ្លួន ដើម្បីឱ្យពួកគេបញ្ឈប់ការតវ៉ា និងចាកចេញពីដីឋិតក្នុងបរិវេណដីដែលជាទ្រព្យសម្បត្តិរបស់ខ្លួន។
ចំពោះអ្នកដែលមានសិទ្ធិជាម្ចាស់កម្មសិទ្ធិដីមួយចំនួន បច្ចុប្បន្ន គឺបានស្លាប់បាត់បង់ជីវិតទៅហើយ ហើយដីរបស់អ្នកស្រុកទាំងនោះមួយភាគធំ ពុំមានឯកសារច្បាស់លាស់នោះទេ ដោយសារតែវាឋិតក្រោមច្បាប់ចាស់។ ម្យ៉ាងទៀត ដីដែលគេស្គាល់ថាជាដីកោះ Luleana នោះ ត្រូវបានពុះចែកទៅឱ្យសមាជិកគ្រួសារតៗគ្នាពីមួយជំនាន់ទៅមួយជំនាន់ទៀតផង។
លោក Keoni Shultz តំណាងក្រុមហ៊ុនរបស់ Zuckerberg បានថ្លែងប្រាប់សារព័ត៌មាន Honolulu Star Advertiser ថា ក្រុមមេធាវីរបស់ Mark Zuckerberg នឹងត្រូវស៊ើបរកគ្រួសារដែលមានភាពជាម្ចាស់កម្មសិទ្ធិពិតប្រាកដ តាមរយៈកំណត់ត្រាវង្សសាវតារបស់ពួកគេ ហើយនឹងខំប្រឹងកំណត់អត្តសញ្ញាណអ្នកជំនាន់ក្រោយដែលកំពុងនៅមានជីវិតឱ្យបានត្រឹមត្រូវ ហើយប្រសិនបើក្រុមគ្រួសារណាត្រូវបានរកឃើញថា ជាម្ចាស់កម្មសិទ្ធិដីពិតប្រាកដនោះ ពួកគេនឹងមានឱកាសទទួលបានចូលរួមក្នុងសកម្មភាពតាមផ្លូវច្បាប់។
លោក Schultz លើកឡើងថា៖ «វាជារឿងធម្មតាទេដែលដីធំៗនៅ Hawaii មានបញ្ហាជាប់ពាក់ព័ន្ធជាមួយដីតូចៗ ដែលមានម្ចាស់កម្មសិទ្ធិមិនច្បាស់លាស់នោះ ហើយយើងនឹងព្យាយាមកំណត់ភាពជាម្ចាស់កម្មសិទ្ធិរបស់ក្រុមគ្រួសារនីមួយៗឱ្យបានជាក់លាក់។ សម្រាប់ក្រុមគ្រួសារណាដែលពិតជាមានភាពជាម្ចាស់កម្មសិទ្ធិ ឬសហកម្មសិទ្ធី ពួកគេនឹងទទួលបានតម្លៃនៃសំណងដ៏សមរម្យមួយតាមផ្លូវច្បាប់»៕
ប្រភពព័ត៌មាន៖ independent
មតិយោបល់