ព័ត៌មានជាតិ

មនុស្ស៣នាក់ ត្រូវខ្មាន់កាំភ្លើងដេញតាមបាញ់ដល់ខាងមុខផ្ទះ ស្លាប់ម្នាក់ភ្លាមៗ!..

ភ្នំពេញ: ខ្មាញ់កាំភ្លើង៤នាក់ ជិះម៉ូតូ២គ្រឿង តាមបាញ់ប្រហារទៅលើមនុស្សប្រុសស្រី៣នាក់ ដល់មុខផ្ទះ ខណ:ពេលជនរងគ្រោះទាំងនោះ បានជិះរថយន្តម៉ាកឡិចស៊ីស GS-300 ពណ៌សរ មួយគ្រឿង ចេញពីកម្មវិធីជប់លៀងមួយកន្លែងនៅកោះពេជ្រ បណ្តាលឲ្យបុរសម្នាក់ជាអ្នកបើករថយន្ត រងរបួសជាច្រើនគ្រាប់ស្លាប់បាត់ជីវិត ចំណែកនារី២នាក់ទៀតមិនមានត្រូវគ្រាប់កាំភ្លើង ឬរបួសអ្វីឡើយ។

ហេតុការណ៍នេះបង្កឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង កាលពីវេលាម៉ោង២យប់ រំលងអាធ្រាត្រ ឈានចូលថ្ងៃទី២១ ខែមករា ឆ្នាំ២០១៧ ដែលស្ថិតនៅតាមបណ្តោយផ្លូវ២១៧ កែងនឹងផ្លូវ២៧១ មុខផ្ទះលេខ១៤B នឹង១៤A ក្បែរនឹងគល់ស្ពានអាកាសស្ទឹងមានជ័យ ក្នុងសង្កាត់ទំនប់ទឹក ខណ្ឌចម្ការមន រាជធានីភ្នំពេញ។

បើតាមប្រភពព័ត៌មានពីរកន្លែងកើតហេតុបានបន្តឲ្យដឹងថា មុនពេលកើតហេតុគេឃើញ ជនរងគ្រោះប្រុសស្រី៣នាក់ខាងលើនេះ ជិះរថយន្តម៉ាក GS-300 ពណ៌សរ មួយគ្រឿង ពាក់ស្លាកលេខ ភ្នំពេញ 2AI-8799 បានមកឈប់នៅមុខផ្ទះ ពេលនោះក៏ឃើញនារី២នាក់ចុះពីលើរថយន្តដើរទៅបើកទ្វារផ្ទះ ភ្លាមៗនោះគេក៏ឃើញជនសង្ស័យជាខ្មាន់កាំភ្លើង ៤នាក់ជិះម៉ូតូ២គ្រឿង គឺម៉ាកឃ្លីក ពណ៌សរ មួយគ្រឿង និងម៉ាក សង់ប៊ិច ពណ៌ខ្មៅមួយគ្រឿង ប្រដាប់ដោយកាំភ្លើងខ្លី បានទៅចាប់ឆក់យកទូរសព្ទដៃស្រ្តីម្នាក់ ក្នុងចំណោម២នាក់នោះ ឃើញដូចនោះបុរសរងគ្រោះដែលជិះក្នុងរថយន្ត បានបើករថយន្តបំបុកជនសង្ស័យទាំងនោះ ទើបធ្វើឲ្យជនសង្ស័យទាំងនោះខឹងសម្បារ ក៏បានទាញកាំភ្លើងចេញពីចង្កេះសឹងតែគ្រប់ដៃ បាញ់ប្រហារលើជនរងគ្រោះដែលជិះក្នុងរថយន្តនោះប្រមាណជា៦ ទៅ៧គ្រាប់ បណ្តាលឲ្យជនរងគ្រោះរងរបួសធ្ងន់ធ្ងរ រួចជនសង្ស័យទាំងនោះបានជិះម៉ូតូរត់គេចខ្លួនបាត់ស្រមោលអស់តែម្តង។

ក្រោយពេលកើតហេតុជនរងគ្រោះត្រូវបានក្រុមគ្រួសារដឹកយកទៅសង្រ្គោះបន្ទាន់នៅមន្ទីរពេទ្យរុស្ស៊ីដែលនៅក្បែរនោះ តែជាអកុសលពេលដឹកទៅដល់មន្ទីរពេទ្យជនរងគ្រោះបានដាច់ខ្យល់ស្លាប់បាត់ទៅហើយ។ ចំណែកនារី២នាក់ទៀតដែលរងរបួសស្រាល ។

ក្នុងហេតុការណ៍ខាងលើនេះ ត្រូវបានសមត្ថកិច្ចខណ្ឌចម្ការមន កំពុងសួរនាំយ៉ាងយកចិត្តទុកដាក់ផងដែរ។ ហើយរហូតមកដល់ម៉ោងនេះ សមត្ថកិច្ចនៅតែមិនទាន់អាចបញ្ចាក់បានថាករណីបាញ់ប្រហារបណ្តាលឲ្យស្លាប់ម្នាក់ កណ្តាលរាត្រីនៅទីក្រុងភ្នំពេញ ខាងលើនេះជាករណីគំនុំ ឬករណីប្លន់ឲ្យបានច្បាស់នៅឡើយនោះទេ ៕

មតិយោបល់