ព័ត៌មានជាតិ

Update៖ អាណោចអាធ័មណាស់! សន្តិសុខយាមផ្សារYT ម្នាក់ដេកស្លាប់លើបង់ ចោលប្រពន្ធ និងកូន៣នាក់ ឲ្យនៅកំព្រា

ភ្នំពេញៈ នៅវេលាម៉ោង៦និង៣០នាទីថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២១ មានករណីសន្តិសុខម្នាក់ យាមនៅផ្សារYT ស្លាប់បង្កឲ្យមានការភ្ញាក់ផ្អើលកើតឡើង ត្រង់ចំណុចផ្សារYT ផ្លូវជាតិលេខ១ ភូមិបឹងឈូក សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។

សពជនរងគ្រោះឈ្មោះ ស្រី ឡុង ភេទប្រុស អាយុ៥៥ឆ្នាំ មុខរបរ សន្តិសុខក្រុមហ៊ុនស្នាក់នៅផ្ទះជួល សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ និងមានកូននៅក្នុងបន្ទុកចំនួន៣នាក់ ។

ហេតុការណ៍៖ តាមការបំភ្លឺពីឈ្មោះ លី ថៃ ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរ សន្តិសុខបានឲ្យដឹងថា នៅវេលាម៉ោង២២និង០០នាទី ថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២១ រូបគាត់បានឃើញជនរងគ្រោះអង្គុយយាមនៅផ្សារYT ហើយពេលនោះគាត់ក៏បានចូលដេកបាត់ទៅ ។ លុះដល់វេលាម៉ោង ០៥និង០០នាទី ថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២១ សន្តិសុខដដែលបានឃើញជនរងគ្រោះដើរចេញមកមុខផ្សារបន្តិច ក្រោយមកក៏ដើរទៅក្រោយផ្សារវិញ ។ រហូតដល់ម៉ោងកើតហេតុខាងលើរូបគាត់ក៏ដើរទៅបើកផ្សារYT ឃើញជនរងគ្រោះអង្គុយលើបង់ ក៏បានដាស់ជនរងគ្រោះ តែមិនភ្ញាក់ទើបដឹងថាស្លាប់បាត់ហើយ ។

ករណីខាងលើនេះ តាមការពិនិត្យ និងបញ្ជាក់របស់លោកឧកញ៉ាវេជ្ជបណ្ឌិត នង សុវណ្ណរ័ត្ន គ្រូពេទ្យធ្វើកោសល្យវិច្ច័យរាជធានីភ្នំពេញ បានបញ្ជាក់ថា ជនរងគ្រោះស្លាប់ដោយសារគាំងបេះដូង បណ្តាលមកពីជំងឺលើសឈាម ។

បច្ចុប្បន្ន សពជនរងគ្រោះ សមត្ថកិច្ចបានប្រគល់ជូនក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី ៕

មតិយោបល់