ព័ត៌មានជាតិ

ឃាត់ខ្លួនមុខសញ្ញាជួញដូរ និងប្រើប្រាស់ថ្នាំញៀន៦នាក់ នៅស្រុកថ្មពួក

បន្ទាយមានជ័យ: កម្លាំងនគរបាលស្រុកថ្មពួក បានធ្វើការឃាត់ខ្លួនជនសង្ស័យជាមុខសញ្ញាជួញដូរ និងប្រើប្រាស់គ្រឿងញៀនចំនួន៦នាក់ ដកហូតវត្ថុតាងបានមួយចំនួន។ ការឃាត់ខ្លួននេះ ធ្វើឡើងកាលពីម៉ោងប្រមាណ៧និង១០នាទីយប់ថ្ងៃទី២០ ខែមករា ឆ្នាំ២០១៧ នៅចំណុចលើស្ពានលេខ២ ស្ថិតក្នុងភូមិ និងឃុំថ្មពួកស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ។

លោកវរសេនីយ៍ឯក ចាប សុផារឹទ្ធ ស្នងការរងនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យបានឲ្យ​ដឹងថា ជនសង្ស័យទាំង៦នាក់នេះ គឺកម្លាំងជំនាញធ្វើការឃាត់ខ្លួនបានជាបន្តបន្ទាប់ក្នុងនោះឃាត់ខ្លួនមុខសញ្ញាប្រើប្រាស់៤នាក់ ទី១-ឈ្មោះ អាន់ លី ភេទប្រុស អាយុ២៥ឆ្នាំ នៅភូមិកសិណ ឃុំថ្មពួក ស្រុកថ្មពួក។ ទី២-ឈ្មោះ លន់ សារិត ភេទប្រុស អាយុ១៥ឆ្នាំ នៅភូមិតាយឹង ឃុំគំរូ ស្រុកថ្មពួក។ ទី៣-ឈ្មោះ ទូច ណាំ ភេទប្រុស អាយុ២២ឆ្នាំ នៅភូមិភូមិថ្មីលិច ឃុំភូមិថ្មី ស្រុកថ្មពួក។ ទី៤-ឈ្មោះ ជ្រុំ តឿ ភេទប្រុស អាយុ៣៦ឆ្នាំ នៅតាយឹង ឃុំគំរូ ស្រុកថ្មពួក។

បន្ទាប់មកកម្លាំងក៏បន្តស្រាវជ្រាវតាមចាប់ខ្លួនមុខសញ្ញាជួញដូរពីរនាក់បន្ថែមទៀត ទី១-ឈ្មោះ ឈិន ឆៃយ៉ា (ហៅជុក ) ភេទប្រុស អាយុ២៣ឆ្នាំ នៅភូមិ គំរូ ឃុំ គំរូ ស្រុកថ្មពួក។ ទី២-ឈ្មោះ តឹក ចិត្ត ភេទប្រុស អាយុ២៦ឆ្នាំ នៅភូមិតាយឹង ឃុំគំរូ ស្រុកថ្មពួក។

ក្រោយឃាត់ខ្លួនជនសង្ស័យខាងលើ កម្លាំងបានដកហូតវត្ថុតាងរួមមាន ៖ ថ្នាំញៀនចំនួន៦គ្រាប់ ទូរសព្ទចំនួន២គ្រឿង អាវុធកែច្នៃ១ដើម និងឧបករណ៍ប្រើប្រាស់ថ្នាំញៀនមួយចំនួន។

បច្ចុប្បន្នជនសង្ស័យ ត្រូវបានកម្លាំងជំនាញនៃស្នងការដ្ឋាននគរបាលខេត្តបានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរួចរាល់ហើយ៕

មតិយោបល់