កំពតៈ លោកវេជ្ជបណ្ឌិត ឈុយ ឆូង ប្រធានមន្ទីរពេទ្យបង្អែកខេត្តកំពត បានមានប្រសាសន៍ថា នៅពេលនេះលោកបានណែនាំឲ្យម្ចាស់ភាស៊ីផ្ញើកង់និងម៉ូតូ បញ្ឈប់រាល់សកម្មភាពដែលខុសនឹងលក្ខខណ្ឌរបស់មន្ទីរពេទ្យ បន្ទាប់ពីសកម្មភាពធ្វើខុសទាំងនោះ បានប៉ះពាល់ដល់អារម្មណ៍ប្រជាពលរដ្ឋ។
ឆ្លើយតបនឹងប្រតិកម្មរបស់ប្រជាពលរដ្ឋ ដែលបានរិះគន់ថា ដីចំណតយានជំនិះរបស់មន្ទីរពេទ្យ ត្រូវបានធ្លាក់លើឯកជនគ្រប់គ្រង និងបានទារលុយប្រជាពលរដ្ឋមុន ពេលផ្ញើ ខុសនិងគោលការណ៍ ថែមទាំងដេញពលរដ្ឋឲ្យទុកកង់ម៉ូតូខាងក្រៅរបង បើសិនមិនបង់ប្រាក់១០០០ រៀល។
តាមការលើកឡើងរបស់ពលរដ្ឋបែបនេះ លោកវេជ្ជបណ្ឌិត ឈុយ ឆូង ប្រធានមន្ទីរពេទ្យបង្អែកខេត្តកំពត បានថ្លែងដោយទទួលស្គាល់ថា កន្លងមកពុំដែលមាននោះទេ តែមួយរយៈពេលក្រោយនេះ ម្ចាស់ភាស៊ីបានធ្វើដូចនេះមែន ដោយពុំបានជម្រាបលោកឲ្យដឹងទាល់តែសោះ ។
លោកវេជ្ជបណ្ឌិតបានបញ្ជាក់ថា យ៉ាងណាក៏ដោយ សកម្មភាពខុសប្រក្រតីរបស់ម្ចាស់ភាស៊ី ត្រូវបានបញ្ឈប់អស់ទាំងស្រុងហើយ គឺដំណើរការដូចដើមវិញហើយ បន្ទាប់ពីលោកបានអប់រំណែនាំម្ចាស់ភ្លាមៗ ដោយក្នុងនោះលោកពុំអនុញ្ញា
យកលុយមុនទៀតទេ ហើយត្រូវបានលើកលែងចំពោះពលរដ្ឋក្រីក្រ និងគិតប្រាក់តែ១លើកគត់សម្រាប់ពលរដ្ឋដែលចេញចូលញឹកញាប់ដែលពុំសូវមានលទ្ធភាព។
លោកប្រធានបញ្ជាក់ថា ដីចំណតយានជំនិះនៅមន្ទីរពេទ្យ គ្រាន់តែជួលឲ្យឯកជនគ្រប់គ្រង ទទួលផលពីការផ្ញើយកភាស៊ីប៉ុណ្ណោះ ពុំបានប្រគល់ទាំងស្រុងនោះទេ ក៏ប៉ុន្តែស្ថិតក្នុងការគ្រប់គ្រងរួមរបស់មន្ទីរពេទ្យដដែល ពុំអនុញ្ញាតឲ្យធ្វើអ្វីតាមអំពើចិត្ត ដែលនាំឲ្យប៉ះពាល់ដល់លក្ខខណ្ឌមន្ទីរពេទ្យ និងអារម្មណ៍ប្រជាពលរដ្ឋឡើយ បើក្នុងករណីម្ចាស់ភាស៊ីល្មើសនិងលក្ខខណ្ឌ មន្ទីរពេទ្យមានសិទ្ធិបញ្ឈប់និងដកហូតវិញបានគ្រប់ពេលវេលា ដើម្បីត្រៀមបម្រើសេវាកម្មជូនពលរដ្ឋមិនឲ្យទាស់ចិត្តឡើយ។
( ស្តាប់បទសំភាសន៍ លោកប្រធានមន្ទីរពេទ្យ)
https://youtu.be/_vLo9sKTyms
បន្ទាប់ពីមានចំណាត់ការក្តៅរបស់ប្រធានមន្ទីរពេទ្យ បានធ្វើឲ្យពលរដ្ឋគាំទ្រយ៉ាងពេញទំហឹង នូវសេវាកម្មរបស់មន្ទីរពេទ្យបង្អែករដ្ឋ៕
មតិយោបល់