ព័ត៌មានជាតិ

សមត្ថកិច្ចខណ្ឌពោធិ៍សែនជ័យ បង្ក្រាបមុខសញ្ញាជួញដូរគ្រឿងញៀនចំនួន២នាក់

ភ្នំពេញៈ កម្លាំងនគរបាលព្រហ្មទណ្ឌខណ្ឌពោធិ៍សែនជ័យ សហការជាមួយនឹងកងអន្តរាគមន៍ខណ្ឌ ដឹកនាំកម្លាំងចុះបង្ក្រាបនិងចាប់ខ្លួនជនសង្ស័យដែលជាមុខសញ្ញាជួញដូរគ្រឿងញៀនចំនួន២នាក់ ដកហូតបានថ្នាំញៀន២កញ្ចប់ធំ ។

ការបង្ក្រាបនេះបានធ្វើឡើងកាលពីវេលាម៉ោង ១០ និង៤០នាទី យប់ថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៧ ស្ថិតនៅចំណុចផ្លូវបេតុង ភូមិព្រៃល្វា សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

សមត្ថកិច្ចនគរបាលខណ្ឌពោធិ៍សែនជ័យ បានឲ្យដឹងថា ជនសង្ស័យដែលចាប់ខ្លួនបានខាងលើនេះ ទី១ឈ្មោះ ហង្ស សុភណ្ឌ័ ភេទប្រុស អាយុ៣២ឆ្នាំ មុខរបរបកប្រែចិនរោងចក្របង្គោលភ្លើង ក្នុងភូមិព្រៃល្ង ស្នាក់នៅផ្ទះក្នុងបុរីសន្តិភាព២ សង្កាត់ពងទឹក ខណ្ឌដង្កោ និងជនសង្ស័យទី២ ឈ្មោះ វ៉ាន់ សុខចាន់ អាយុ២២ មុខរបរផ្សារដែក ស្នាក់នៅភូមិដំណាក់ត្រយឹង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ។

វត្ថុតាងដែលសមត្ថកិច្ចដកហូតបានរួមមាន ម្សៅក្រាម ពណ៌សថ្លា សង្ស័យជាសារធាតុញៀនចំនួន២កញ្ចប់ធំ ដោយក្នុង១កញ្ចប់មានតម្លៃ៣០០ដុល្លារ កញ្ចប់ធំតែថ្នាំកន្លះកញ្ចប់ តម្លៃ៥០ដុល្លារ ,លុយដុល្លារក្លែងក្លាយចំនួន៥០ដុល្លារសន្លឹក, ទូរសព្ទ៣គ្រឿង ,ឧបករណ៍សម្រាប់វិចខ្ចប់មួយចំនួន រួមនិងម៉ូតូរបស់ជនសង្ស័យមួយគ្រឿងម៉ាក ស៊ុយសាគីនិច ពណ៌ក្រហមលាយខ្មៅ ពាក់ស្លាកលេខភ្នំពេញ GC-1802។

មុននឹងឈានដល់ការបង្ក្រាបបានជនសង្ស័យខាងលើ កម្លាំងនគរបាលព្រហ្មទណ្ឌខណ្ឌពោធិ៍សែនជ័យ បានសហការជាមួយកម្លាំងអន្តរាគមន៍ខណ្ឌ បានធ្វើការស្រាវជ្រាវមុខសញ្ញាខាងលើ រហូតឈានដល់ការឃាត់ខ្លួនជាក់ស្តែង នៅពេលដែលជនសង្ស័យកំពុងជិះម៉ូតូយកថ្នាំញៀនទៅចែកចាយ។ ភ្លាមនោះត្រូវកម្លាំងបានឃើញជនសង្ស័យ ក៏ធ្វើការដេញចាប់ឃាត់បានតែម្តង។

បច្ចុប្បន្នជនសង្ស័យរួមជាមួយវត្ថុតាង ត្រូវបានកម្លាំងបញ្ជូនខ្លួនមកកាន់ផ្នែកព្រហ្មទណ្ឌខណ្ឌពោធិ៍សែនជ័យ ដើម្បីធ្វើការសាកសួរ ឃុំខ្លួនបណ្តោះអាសន្ន និងកសាងសំណុំរឿងបញ្ជូនខ្លួនទៅកាន់តុលាការចាត់ការតាមផ្លូវច្បាប់៕

មតិយោបល់