ព័ត៌មានសិល្បៈ និងកម្សាន្ត

ពេជ្រ សោភា ឆ្លើយតបរឿងគេដៀលថាបោកប្រាស់

មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង បន្ទាប់ពីមានដំណឹងថាលោកឆឹម សក្កដា ធ្លាប់មានទំនាក់ទំនងជាមួយប្រុសៗ និងមានគូស្នេហ៍ជាប់ខ្លួនរាល់ថ្ងៃ ខណៈដែលពេជ្រ សោភា ក៏មានគូស្នេហ៍ជាប់ខ្លួនក្រោយលែងប្ដីរួចដែរ តែអ្នកទាំងពីរបានលេងស្ទីលបញ្ឆោតភ្នែកស្រឡាញ់គ្នា ព្រោះតែចង់បានការចាប់អារម្មណ៍។ ពេជ្រ សោភា បានឆ្លើយតបលើករណីនេះ និងបានបញ្ជាក់ថា ការតិះដៀលជារឿងដែលនាងមិនអាចទទួលយកបាន។

អ្នកនាងនិយាយថាខ្លួនមិនចង់ល្បីល្បាញ ដោយមធ្យោបាយប្រឌិតចំណងស្នេហ៍ ជាមួយលោកឆឹម សក្ដដា នោះទេ។ ផ្ទុយទៅវិញនាងថាខ្លួន ក៏មិនមានគូស្នេហ៍ក្រៅពីអ្នកសិល្បៈ ដូចអ្វីដែលមនុស្សមួយក្រុមធ្វើការលាបពណ៌ និងបង្ខូចឈ្មោះឡើយ។ អ្នកនាងថាបើនាងប្រឹងបោកមហាជន តើបានអ្វីមកវិញ ប្រសិនបើរឿងពិតមួយត្រូវបានបែកការ ហើយត្រូវមហាជនរិះគន់ពេញផ្ទៃប្រទេស។ អ្នកនាងថាទំនាក់ទំនងរវាងខ្លួន និងឆឹម សក្កដា មិនមែនជារឿងការបន្លំនោះទេ ហើយអ្នកនាងក៏ហួសចិត្តដែរ ចំពោះការតិះដៀលថាអ្នកនាងលែងបញ្ឆោតស្នេហ៍ និងមានគូស្នេហ៍ក្រៅពីហ្នឹង តែយកលោកឆឹម សក្កដា បិទមុខ និងដើម្បីយោងតារារូបនេះអោយល្បី។ អ្នកនាងនិយាយថា«តើខ្ញុំធ្វើចឹងដើម្បីអី(បោកមហាជន) ខ្ញុំអត់យល់ថាហេតុអ្វីបានជាគេមានពាក្យដល់ថ្នាក់ហ្នឹងទេ!»។ អ្នកនាងបន្តថា មានវិធីច្រើនណាស់ដែលអាចល្បី ហើយនាងក៏មិនមែនជាមនុស្សដែលខ្លាចការពិតនោះដែរ ប្រសិនបើអ្នកនាងពិតជាមានបុរសផ្សេង ជាកំណាន់ចិត្តមែន។ អ្នកនាងនិយាយ «ដល់ចឹងខ្ញុំនិយាយអត់ចេញ តែខ្ញុំអត់ខ្វល់»។ អ្នកនាងថាលោកឆឹម សក្កដា បានបញ្ចេញសកម្មភាពយកចិត្តយកថ្លើមចំពោះនាងច្រើនយ៉ាង មុននឹងនាងជឿជាក់។ មកទល់ពេលនេះ មានការតិះដៀលមួយចំនួនថាអ្នកនាង និងតារាប្រុសជាដៃគូ បោកបញ្ឆោតមហាជន ដោយគេអះអាងថាអ្នកចង់បានការចាប់អារម្មណ៍បន្ថែមទៀត និងដើម្បីបិទបាំងរឿងខ្លួន។

លោកឆឹម សក្កដា បានអះអាងថាអ្វីដែលគេចោទប្រកាន់ ចំពោះលោកគឺរឿងដែលលោកមិនអាចទទួលយកបាន។ លោកថាខ្លួនមិនដល់ថ្នាក់ចង់ល្បី ដោយសារតែរឿងបោកប្រាស់មួយនេះនោះដែរ ដោយសារតែលោកប្រឡូកសិល្បៈច្រើនឆ្នាំមកហើយ ដ្បិតថាមិនទាន់ល្បីខ្លាំង តែក៏មានអ្នកស្គាល់ច្រើន។ លោកថាជារឿងសោកស្ដាយ ដែលស្នេហារបស់លោក និងពេជ្រ សោភា ត្រូវបានលាបពណ៌បែបនេះ ៕

មតិយោបល់