ព័ត៌មានជាតិ

ស្លាប់ទៀតហើយ…! រថយន្តដឹកថ្មបើកបុកម៉ូតូ ស្លាប់ម្នាក់យ៉ាងណោចអាធ័ម

កណ្តាល: គ្រោះថ្នាក់ចរាចរណ៍មួយកើតឡើងគួរឲ្យ​រន្ធត់ បណ្តាលឲ្យ​បុរសម្នាក់ស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ ខណ:កំពុងជិះម៉ូតូ ត្រូវរថយន្តដឹកថ្មបើកបុក។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង១២និហ៤៥នាទីថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៧ នៅចំណុចលើផ្លូវជាតិលេខ១គីឡូម៉ែត្រលេខ៥៣∆៥៤ ស្ថិតក្នុងភូមិក្បាលជ្រោយ ឃុំកំពង់ភ្នំ ស្រុកលើកដែក ខេត្តកណ្តាល។

នគរបាលចរាចរណ៍បានឲ្យ​ដឹងថា ជនរងគ្រោះមានឈ្មោះ ផុង កែវ ភេទប្រុស អាយុ៤៧ឆ្នាំ ជនជាតិខ្មែរមានទីលំនៅភូមិពោធិ៍ ឃុំថ្កូវ ស្រុកកំពង់ត្របែក ខេត្តព្រៃវែង។

សាក្សីនៅក្បែរកន្លែងកើតហេតុបានប្រាប់ឲ្យ​ដឹងថា នៅមុនពេលកើតហេតុ ភាគីខាងរថយន្តដឹកថ្ម ម៉ាកHYUNDAI ពណ៌ស ពាក់ស្លាកលេខ ហ ០១២០ ភព៣ អ្នកបើកបររថយន្តរត់គេចខ្លួនបាត់ (ទិសដៅពីអ្នកលឿងទៅភ្នំពេញ ) លុះដល់កន្លែងកើតហេតុខាងលើ ស្រាប់តែមានម៉ូតូម៉ាកហុងដាប៊ិច ពណ៌ខ្មៅស៊េរី២០១២ ពាក់ស្លាកលេខភ្នំពេញ 1BF-4393 ទិសដៅពីភ្នំពេញទៅអ្នកលឿង បញ្ច្រាសទិសគ្នា បណ្តាលឲ្យ​រថយន្តដឹកថ្ម បើកបុកចំពីមុខផ្លោងខ្ទាតបោកខ្ទប់នឹងផ្លូវ ស្លាប់ភ្លាមៗយ៉ាងអាណោចអាធ័មនៅនឹងកន្លែងកើតហេតុ។

បច្ចុប្ប​ន្នរថយន្ត និងម៉ូតូ កម្លាំងជំនាញចរាចរណ៍យកទៅរក្សាទុកនូវអធិការដ្ឋាននគរបាលស្រុក ដើម្បីចាត់ការបន្តរតាមនីតិវិធីច្បាប៕

មតិយោបល់