ព័ត៌មានជាតិ

ម៉ែយ៉ែមនិងបក្ខពួកម្នាក់ៗ ដាក់ពន្ធនាគារ២ឆ្នាំ និងពិន័យ៤លានរៀល

ភ្នំពេញៈ ក្រោយពីបើកសវនការជាសាធារណៈកាលពីរសៀលថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៧កន្លងទៅនោះ នៅរសៀលថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៧នេះលោកស្រី ថ្លាង ផាណែត ចៅក្រមជំនុំជម្រះសាលាដំបូងរាជធានីភ្នំពេញ បានប្រកាសសាលក្រមសម្រេចផ្តន្ទាទោសជនជាប់ចោទទី១ឈ្មោះ ង៉ុន សុខណា ភេទស្រី អាយុ៣២ឆ្នាំ មុខរបរម្ចាស់ហាង ម៉ុម ម៉ាស្សា មានទីតាំងនៅសង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ និងទី២ឈ្មោះ អៀប ដារ៉ា ហៅ ប៊ុនតឺម ភេទប្រុស អាយុ២០ឆ្នាំ មុខរបរជាមេការហាង ម៉ុម ម៉ាស្សា ដាក់ពន្ធនាគារក្នុងម្នាក់ៗកំណត់រយៈពេល ២ឆ្នាំ អនុវត្តទោសក្នុងពន្ធនាគារត្រឹម១ឆ្នាំ ទោសសល់ពីនោះព្យួរធម្មតា និងពិន័យជាប្រាក់ក្នុងម្នាក់ៗចំនួន ៤លានរៀល ចូលថវិការដ្ឋ ពីបទ សញ្ចារកម្ម ប្រព្រឹត្តផ្ទះជួលគ្មានលេខ ផ្លូវជាតិលេខ៥ សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ កាលពីថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០១៦ យោងតាមមាត្រា ២៨៤ នៃក្រមព្រហ្មទណ្ឌ។

នៅក្នុងសវនាការកាលពីពេលកន្លងទៅជនជាប់ចោទឈ្មោះ អៀប ដារ៉ា បានបដិសេធថាខ្លួនមិនបានដឹងនោះទេ ដោយខ្លួនមកហាងម៉ាស្សានោះដើម្បីលេងមីងជាម្ចាស់ហាងតែប៉ុណ្ណោះ។

ចំណែកជនជាប់ចោទឈ្មោះ ង៉ុន សុខណា បានបដិសេធថាខ្លួន មិនបានប្រព្រឹត្តដូចការចោទប្រកាន់នោះទេ ហើយខ្លួនតែងតែអប់រំស្ត្រីម៉ាស្សារបស់ខ្លួន កុំឲ្យដេកជាមួយភ្ញៀវជាដាច់ខាត។

ផ្ទុយពីការអះអាងខាងលើ ចម្លើយរបស់សាក្សី និងជាស្ត្រីរងគ្រោះចំនួន៤នាក់បានបញ្ជាក់ប្រាប់អង្គសវនាការថា ជនជាប់ចោទឈ្មោះ អៀប ដារ៉ា គឺជាមេការហាងម៉ាស្សានោះ ហើយពួកគេអាចដេកជាមួយភ្ញៀវនៅក្នុងហាងក៏បាន ឬក្រៅហាងក៏បានដោយយកតម្លៃពី ៦ម៉ឺន ទៅ៨ម៉ឺនរៀលពីភ្ញៀវ ប៉ុន្តែត្រូវបង់លុយឲ្យជនជាប់ចោទឈ្មោះ ង៉ុន សុខណា ជាម្ចាស់ហាងចំនួន ២ម៉ឺនរៀល៕

https://youtu.be/LVExQaL_0wQ

មតិយោបល់