ក្រុមហ៊ុនចិន Yutong គ្រោងនឹងបង្កើតរោងចក្រតម្លើងរថយន្តក្រុង នៅខេត្តកំពង់ស្ពឺ នឹងផ្តល់សេវាកម្មដឹកជញ្ជូនតាមរថយន្តក្រុងដ៏ទំនើបពីខេត្តកំពង់ស្ពឺ ទៅទីក្រុងភ្នំពេញ។ នេះបើយោងតាមការឲ្យដឹងពី រដ្ឋបាលខេត្តកំពង់ស្ពឺ។
តំណាងក្រុមហ៊ុនផ្គត់ផ្គង់រថយន្តក្រុង បានជួបពិភាក្សាជាមួយលោក សុខ ភា អភិបាលរងខេត្តកំពង់ស្ពឺ អំពីគម្រោងខាងលើនេះ ហើយកិច្ចពិភាក្សា បានឈានដល់ការឯកភាពគ្នាជាច្រើនចំណុច និងឈានដល់ការចុះអនុស្សារណៈយោគយល់គ្នា នាពេលខាងមុខផងដែរ។
គួររម្លឹកដែរថា ក្រុមហ៊ុន Tian Rui Cambodia របស់ប្រទេសចិន គ្រោងបណ្តាក់ទុនប្រមាណជា ២ពាន់លានដុល្លារអាមេរិក ដើម្បីបង្កើតតំបន់សេដ្ឋកិច្ចពិសេស នៅក្នុងខេត្តកំពង់ស្ពឺ។
តំបន់សេដ្ឋកិច្ចពិសេស ដែលនឹងបង្កើតនៅខេត្តកំពង់ស្ពឺនេះ ត្រូវវិនិយោគលើផ្ទៃដីទំហំ ៣០០ហិកតា នៅក្នុងស្រុកគងពិសី ដោយប្រើប្រាស់រយៈពេល ៥ឆ្នាំដើម្បីបញ្ចប់គម្រោង។
រីឯប្រទេសម៉ាឡេស៊ី និងបេឡារ៉ុស ក៏បានបង្ហាញពីបំណងចង់វិនិយោគលើរោងចក្រតម្លើងរថយន្តនៅកម្ពុជាផងដែរ ហើយគម្រោងនេះ នឹងជួយជម្រុញសេដ្ឋកិច្ចកម្ពុជាឲ្យកាន់តែប្រសើរឡើង៕
មតិយោបល់