ព័ត៌មានជាតិ

ផ្ទុះអាវុធមុខក្លឹបឌីស្កូ ជាច្រើនគ្រាប់ សង្ស័យមានរឿងស៊ីជម្រៅ

បន្ទាយមានជ័យ: យ៉ាងហោចក៏មានបុរសម្នាក់ បានរងរបួសក្នុងហេតុការណ៍បាញ់បោះសេរី ក្បែរក្លឹបឌីស្កូ ថាច់ដោន ក្នុងចំណុចកាស៊ីណូផ្កាយប្រាំ នាក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ កាលពីវេលាម៉ោង០៣យប់រំលងអាធ្រាត ថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០១៦នេះ។

សមត្ថកិច្ចអាវុធហត្ថក្រុងប៉ោយប៉ែត បានឲ្យ Post News ដឹងនៅមុននេះបន្តិចថា មានជនទំនើងចំនួនពីរនាក់១-ហៅ អាខ្មោចឆៅ ភេទប្រុស អាយុ ២២ឆ្នាំ ទីលំនៅមិនពិតប្រាកដ និង២-ឈ្មោះ អា គារ ភេទប្រុស អាយុ២១ឆ្នាំ រស់នៅភូមិប្រជាធម្មខាងលិច (មណ្ឌល៣) សង្កាត់-ក្រុងប៉ោយប៉ែត ខេត្ត បន្ទាយមានជ័យ ប្រដាប់ដោយកាំភ្លើងខ្លីមួយដើម បានតាមមកបាញ់យុវជនម្នាក់ឈ្មោះ កែវ សីហា អាយុ ២៥ឆ្នាំ រស់នៅភូមិក្បាលកោះ សង្កាត់-ក្រុងប៉ោយប៉ែត ដែលគេអះអាងថា ជាគូទំនាស់បណ្ដាលឲ្យធ្លុះខ្នងជើង ពីម្ខាងទៅម្ខាង។

ក្រោយកើតហេតុជនទំនើងទាំងពីរនាក់នេះ បានគេចខ្លួនបាត់ស្រមោល មិនរំខានដំណេកសមត្ថកិច្ច ណាម្នាក់ឡើយ។ 

នៅកន្លែងកើតហេតុ សមត្ថកិច្ច បានរកឃើញស្រោមកាំភ្លើងខ្លីមួយ និងគ្រាប់អាការ៥៤ ដែលបាញ់មិនផ្ទុះចំនួន១គ្រាប់ និងសំបកកន្ទុះមួយ។

សមត្ថកិច្ចបានកំណត់មុខសញ្ញាជនបង្ករួចហើយ នឹងកំពុងស្វែងរកចាប់ខ្លួន ជនបង្កខាងលើមកផ្តន្ទាទោសតាមច្បាប់៕
photo_2016-05-08_08-19-08 photo_2016-05-08_08-19-06 photo_2016-05-08_08-19-04 photo_2016-05-08_08-19-07

មតិយោបល់