ភ្នំពេញ: កាលពីល្ងាចថ្ងៃទី៧ ឧសភា ក្រុមបាល់ទាត់របស់សាលាវេសឡាញ សាខាទួលទំពូងបានយកឈ្នះលើក្រុមសាខាស្ទឹងមានជ័យ នៅវគ្គផ្ដាច់ព្រ័ត្រ ហើយដណ្ដើមបានតំណែងជើងឯក ប្រចាំឆ្នាំ២០១៦ សម្រាប់ការប្រកួតបាល់ទាត់ពានរង្វាន់វេសឡាញ។ ជ័យជម្នះនេះក៏ត្រូវគេមើលឃើញថាមានការរិះគន់ថា លោកអាជ្ញាកណ្ដាលលម្អៀងទៅលើក្រុមវេសឡាញសាខាទួលទំពូងផងដែរ ជាពិសេសក្នុងពេលកីឡាករ របស់ក្រុមសាខាទួលទំពូងបង្កឲ្យក្រុមសាខាស្ទឹងមានជ័យ របួសជាច្រើនលើកតែមិនមានការពិន័យ។
ការប្រកួតបាល់ទាត់របស់សាខាទាំងអស់ នៅក្នុងសាលាចំណេះទូទៅវេសឡាញនេះ គឺក្រុមសាខាទួលទំពូងទទួលបានចំណាត់ថ្នាក់លេខ១ និងក្រុមសាខាស្ទឹងមានជ័យ ទទួលបានចំណាត់ថ្នាក់លេខ២។ ក្នុងនោះក្រុមចំណាត់ថ្នាក់លេខ៣ គឺក្រុមមកពីសាខាទួលស្វាយព្រៃ និងលេខ៤មកពីសាខាច្បារអំពៅ។
ការប្រកួតនេះ បានចាប់ផ្ដើមឡើងកាលពីថ្ងៃទី២៦ មីនា ដោយមានក្រុមទាំងអស់៧ក្រុមចូលរួម។ ការប្រកួតនៅវគ្គបញ្ចប់ មានសភាពស្វិតស្វាញយ៉ាងខ្លាំង ដោយសារក្រុមទាំងពីរជាក្រុមខ្លាំង។ ការប្រកួត៩០នាទី ក្រុមទាំងពីរស្ថិតក្នុងលទ្ធផល២ស្មើ ហើយលុះដល់បញ្ចប់១៥នាទី២ដង ទើបក្រុមទួលទំពូង យកឈ្នះលើក្រុមស្ទឹងមានជ័យ បានដោយលទ្ធផល៤ទល់៣។
អ្នកគាំទ្របានរិះគន់ថា ការប្រកួតមានកាត់កាត់ក្ដីមិនយុត្តិធម៌ ដោយសារក្រុមរបស់សាខាស្ទឹងមានជ័យប្រព្រឹត្តិខុស ត្រូវបានដាក់ពិន័យជាហូរហែរ ប៉ុន្តែសម្រាប់ក្រុមទួលទំពូង ដែលជាក្រុមសាខាធំហាក់មានភាពបន្ធូរបន្ថយ។ យ៉ាងណាមិញ គណកម្មការរៀបចំបានអះអាងថា អ្វីដែលបានកាត់ក្ដីគឺនិតិវិធីសម្រាប់ការប្រកួត។
ក្នុងវគ្គប្រគល់ពាននោះ ចំណាត់ថ្នាក់លេខ១ ទទួលបានបាល់៥គ្រាប់ ថវិកា១លានរៀល លេខ២ទទួលបានបាល់៤គ្រាប់ ថវិកា៨០ម៉ឺនរៀល លេខ៣ទទួលបានបាល់៣គ្រាប់ ថវិកា៦០ម៉ឺនរៀល លេខ៤ទទួលបានបាល់២គ្រាប់ ថវិកា៤០ម៉ឺនរៀល និងក្រុមមិនជាប់ចំណាត់ថ្នាក់ទទួលបានបាល់២គ្រប់ និងការលើកទឹកចិត្តជាច្រើនទៀត៕
មតិយោបល់