ព័ត៌មានជាតិ

ស្រង់ព្រះសុគន្ធវារីព្រះចៅអធិការវត្តឫស្សីស្រស់ និងសម្ពោធក្លោងទ្វារ របងវត្តចំណាយថវិកាជាង២ម៉ឺនដុល្លារ

ភ្នំពេញៈ លោកប៊ុន សេរីអភិបាលរងរាជធានីភ្នំពេញ សម្តេចព្រះមហាសុមេធាធិបតីកិត្តិឧទ្ទេសបណ្ឌិត នន្ទ ង៉ែត សម្តេចព្រះសង្ឃនាយក នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចព្រះពោធិវង្សកិត្តិឧទ្ទេសបណ្ឌិត អំ លឹមហេង ព្រះសង្ឃនាយករង ទី២ នៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថៃ្ងទី០៨ ខែឧសភា ឆ្នាំ២០១៦នេះ បាននិមន្តនិងអញ្ជើញជាអធិបតីភាពក្នងពិធីប្រកាសតែងតាំង និងស្រង់សុគន្ធវារីមន្ត្រីសង្ឃព្រម​ទាំងសម្ពោធដាក់​ឱ្យប្រើប្រាស់​ក្លោងទ្វារវត្តយសសុវណ្ណរាម ហៅវត្តឫស្សីស្រស់ នៅសង្កាត់និរោធ ខណ្ឌច្បារអំពៅ ។

បើតាមការបញ្ជាក់ពីលោកអភិបាលរងខណ្ឌព្រែកព្នៅបានឲ្យដឹងថា របងនិងក្លោងទ្វាវត្តដែលត្រូវឆ្លងឲ្យប្រើប្រាស់នេះ ក្នុងនោះ​រួមមាន​របងប្រវែង៦៦៥ម៉ែត្រ ក្លោងទ្វាវត្តកំពស់១១ម៉ែត្រ ទទឹង១០ម៉ែត្រ សរុបជាទឹកប្រាក់ចំនួន២៨៥០០ដុល្លាអាមេរិក ហើយក្នុងពិធីនេះក៏បាន ប្រកាសតែងតាំង និងស្រង់ព្រះសុគន្ធវារីដល់ព្រះចៅអធិការអមរាភិរក្ខិត នៅ ណន គ្រូសូត្រស្តាំឥន្ទញាណោ តុល ថុន និងគ្រូសូត្រឆ្វេងឥន្ទប្បញ្ញោ វឿន សារឿនផងដែរ។

លោកប៊ុន សេរីបានមានប្រសាសន៍លើកឡើងថា សមិទ្ធផលទាំងនេះ គឺបានសបញ្ជាក់ឱ្យឃើញពីការសាមគ្គីភាពគ្នា ប្រកប ដោយជំនឿជាក់លើព្រះពុទ្ធសាសនា ដោយប្រមូលផ្តុំបានកម្លាំងសរុបយ៉ាងធំ ឈានទៅរួមចំណែកយ៉ាងសកម្ម ក្នុងការលើកកម្ពស់តម្លៃ និងអភិវឌ្ឍព្រះពុទ្ធសាសនា ក៏ដូចជាសង្គមជាតិទាំងមូល ឲ្យកាន់តែរីកចម្រើនទ្វេឡើងថែមទៀត ។

វត្តអារាម និងព្រះពុទ្ធសាសនារបស់យើង បានដើរតួនាទីជាស្នូល យ៉ាងសំខាន់ នៃវប្បធម៌សន្តិភាពដែលប្រជាជនយើងបានផ្តល់តម្លៃយ៉ាង ខ្ពស់ បាននិងកំពុងពង្រឹងឱ្យក្លាយទៅជាសីលធម៌សង្គមដ៏ល្អ សម្រាប់ ប្រជាជនកម្ពុជាយើង។

លោកបន្តថា សាមគ្គីភាពរឹងមាំនៃពុទ្ធសាសនិក គឺជាមាគ៌ាដ៏ប្រពៃ នាំយើងទាំងអស់គ្នាទៅដល់គោលដៅដ៏ពិសិដ្ឋមួយ ដែលជា បំណង និងសេចក្តីត្រូវការរបស់សង្គមជាតិយើង គឺលុបបំបាត់អំពើហិង្សាប្រទូស្តរាយ ឈ្នានិស ការប្រព្រឹត្តអំពើទុច្ចរិត អនាចារ្យផ្សេងៗ ។ល។ ហើយនាំមកនូវភាពសុខុដុមរមនាក្រោមពន្លឺដ៏ភ្លឺនៃព្រះធម៌របស់ព្រះពុទ្ធជាម្ចាស់ ។

ដើម្បីចូលរួមជាសទ្ធាដ៏ជ្រះថ្លា ក្នុងឱកាសនោះលោកប៊ុន សេរីក៏បាននាំយកបច្ច័យរបស់លោកប៉ា សុជាតិវង្ស អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ និងលោកជំទាវចំនួន ១០លានរៀលប្រគេនដល់ព្រសង្ឃក្នុងទីអារាមវត្តខាងលើផងដែរ៕

photo_2016-05-08_11-26-35photo_2016-05-08_11-26-32photo_2016-05-08_11-26-34 (2)photo_2016-05-08_11-26-34

មតិយោបល់