តាកែវ:ក្រុមនិស្សិតពេទ្យសាលា IU (អាយយូ) ដឹកនាំដោយយុវជន ប៊ុន វិច្ចិកា បាននាំយកនូវអំណោយជាគ្រឿងបិរភោគបរិក្ខាប្រើប្រាស់ មកផ្តល់ជូនលោកយាយ សាន់ តៅ ដែលមានជំងឺដេកនៅលើកន្ទេល ពិសេសជាងនេះ ក្រុមនិស្សិតពេទ្យបាន លាងរបួស ឲ្យលោកយាយ និងផ្តល់នូវឱសថសំរាប់ព្យាបាល ឲ្យលោកយាយទៀតផង។ លោកយាយ សាន់ តៅ បានសំដែងនូវការត្រេកអរដោយក្តីក្តុកក្តួល និងថ្លែងអំណរគុណក្រុមនិស្សិត និងជូនពរដល់ក្រុមនិស្សិតពេទ្យ អាយយូ (IU) ជូបតែសេចក្តីគ្រប់ប្រការ។
ស្ថិតក្រោមកម្តៅហួតហែង រាងកាយស្ទើរតែប្រេះបែកស្រការ ជ្រកក្រោមខ្ទមស្ទឹកធ្លុះធ្លាយដ៍តូចមួយដែលមានទំហំ២ឬ៣ម៉ែត្រ កំពស់ជាងកន្លះម៉ែត្រពីដី ក្រាលដោយរនាបឬស្សីបាក់ប្រហោង លាយឡំស្នូរសម្លេងខ្យល់បានបក់ផាយផាត់ រសាត់ជាមួយនិងពពកខ្មៅដុំៗ កលនឹងភ្លៀងៗម្តងៗ ខណ:ផ្ទៃដីជុំវិញនោះបានប្រេះបែកក្រហែង មួយថ្ងៃៗរងចាំតែព្រះភិរុណធ្លាក់ចុះមក វាសនាលោកយាយ សាន់ តៅ និងកូនពិការភ្នែកពីកំណើត ពេលនេះត្រូវបានព្រហ្មលិខិតផ្តល់ក្តីសង្ឃឹមហើយ បន្ទាប់ពីទ្រនំថ្មី នឹងលេចឡើងក្នុងពេលឆាប់ៗជាមួយនឹងអណ្តូងទឹក ដ៍ថ្មីស្រឡាងមួយក្នុងភូមិ។
ក្រោយការផ្សព្វផ្សាយពីសារព័ត៏មាន Post News ដែលទើបនឹងបង្កើតឡើង បានរយៈពេលជាងជិត ១ខែ ដែលមានគោលបំណងសម្រាប់បំរើប្រយោជន៍ជូនប្រជាជនទូទៅ ជាក់ស្តែង ការទ្បើងរឿងលោកយាយ សាន់ តៅ មកចុះផ្សាយក្នុង App (Post News Media), គេហទំព័រ postnews.com.kh និងទំព័រហ្វេសប៊ុក Post News Media បានតែ១ថ្ងៃប៉ុណ្ណោះ ប្រជាពលរដ្ឋទាំងក្នុងស្រុក និងក្រៅស្រុកក្នុងនោះមានទាំងតារាចម្រៀងផងដែរ ក៍បានបង្ហាញនូវការចាប់អារម្មណ៍ ជោគវាសនា របស់លោកយាយពិការជើង និងកូនពិការភ្នែក រហូតម្នាក់ៗ នាំយកអំណោយស្ទើរតែគ្រប់មុខ និងថវិការមកប្រគល់ និងសួរសុខទុក្ខជាមួយលោកយាយ ទោះបីការធ្វើដំណើរចំណាយពេលជិត១ម៉ោង ពីរាជធានីភ្នំពេញ តាមបណ្តោយផ្លូវជាតិលេខ២យ៉ាងណាក៍ដោយ ក៍ម្នាក់ៗនៅតែឆ្លៀតពេលចង់មក ចង់ឃើញ និងចង់ស្តាប់ ដោយផ្ទាល់ផងដែរ មិនតែប៉ុណ្ណោះសូម្បីតែព្រះសង្ឃពេលខ្លះនិមិន្ត តាំងពីខេត្តឆ្ងាយ ហេតុតែចង់ឃើញ និងចង់ជួយលោកយាយ សាន់ តៅ ក្រៅពីនោះមានទាំងក្រុមយុវជនចុះមក តំណាងជាប្រមុខរដ្ឋាភិបាលផងដែរ៕
មតិយោបល់