ព័ត៌មានជាតិ

នគរបាលខណ្ឌច្បារអំពៅឃាត់ខ្លួនយុវជនម្នាក់ ដកហូតថ្នាំញៀន១៧កញ្ចប់

ភ្នំពេញៈ យុវជនជា​ជនសង្ស័យជួញដូរគ្រឿងញៀនយ៉ាងសកម្មម្នាក់ ត្រូវបានកម្លាំងនគរបាលខណ្ឌច្បារអំពៅ សហការជាមួយនគរបាលប៉ុស្តិ៍ព្រែកថ្មី ធ្វើការឃាត់ខ្លួន ខណៈរូបគេកំពុងតែធ្វើសកម្មភាពចែកចាយជាក់ស្តែង និងធ្វើការដកហូតបានថ្នាំញៀនចំនួន១៧កញ្ចប់តូចផងដែរ។

ប្រតិបត្តិការបង្ក្រាបគ្រឿងញៀននេះ ធ្វើឡើងកាលពីវេលាម៉ោង១រំលងអធ្រាត្រថ្ងៃទី២៥ ខែមករា ឆ្នាំ២១០៧ នៅចំណុចខាងមុខដីឡូតិ៍គ្មានលេខ ផ្លូវលំ ភូមិព្រែកថ្មី សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

ប្រភពព័ត៌មានពីនគរបាលម្នាក់បានប្រាប់ឱ្យដឹងថា ជនសង្ស័យជួញដូរគ្រឿងញៀនដែលឃាត់ខ្លួនមានឈ្មោះ ឌឿ ធារ៉ា ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅក្នុងភូមិព្រែកថ្មី សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ។

នៅ​មុនពេលកើតហេតុ កម្លាំងនគរបាលខណ្ឌច្បារអំពៅ សហការជាមួយ និងកម្លាងនគរបាលប៉ុស្តិ៍ព្រែតថ្មី បាននាំគ្នាធ្វើការល្បាតក៏ប្រទះឃើញជនសង្ស័យម្នាក់ខាងលើ កំពុងតែឈរធ្វើសកម្មភាពជួញដូរជាក់ស្តែងនោះ ក៏ហៅធ្វើការសាកសួរ និងឆែកឃើញមានគ្រឿងញៀនចំនួន ១៧កញ្ចប់តូច លាក់ទុកក្នុងខ្លួន ក៏ធ្វើការឃាត់ខ្លួនតែម្តង។

ក្រោយកើតហេតុ យុវជនសង្ស័យ រួមទាំងថ្នាំញៀនចំនួន១៧កញ្ចប់តូច ត្រូវបានបញ្ជូនខ្លួនទៅកាន់អធិការដ្ឋាននគរបាលខណ្ឌមានជ័យ ដើម្បីកសាងសំណុំរឿងចាត់ការទៅតាមផ្លូវច្បាប់ជាបន្តទៅទៀត៕

មតិយោបល់