ព័ត៌មានជាតិ

ការស្រាវជ្រាវចុងក្រោយនៃអប្សរាខ្មែរ

កន្លងមកក្នុងការសិក្សាស្រាវជ្រាវមិនថាអំពីវប្បធម៌ ឬ ប្រវត្តិសាស្រ្ដកូនខ្មែរទាំងឡាយតែងតែយក​ឯកសារបរទេសជា​គោល​។ ដូចជាប្រវត្តិបឋមក្សត្រខ្មែរហៅថាព្រះនាងលីវយី លីវយីជាភាសាចិនមិនមែនភាសាខ្មែរទេ។ ជាក់ស្ដែងរឿងដែលទាក់ទងនឹងអប្សរានេះក៏ដូចគ្នាដែរ គឺយើងពឹងផ្នែកទៅលើឯកសារបរទេស​ទាំងស្រុង​មកអោយ​និយមន័យ​​អប្សរា ការកកើតនិងតួនាទីរបស់អប្សរា។

ក/. យោងតាមនិយមន័យខាងលើ អប្សរាជាព្រលឹងដួងវិញ្ញាណស្រ្ដីនៃពពក និង ទឹកក្នុងជំនឿហិណ្ឌូ និង ពុទ្ធសាសនា។
ខ/. យោងតាមគម្ពីរឫគវេទថាតួនាទីអប្សរាជាស្រីបំរើរបស់ព្រះឥន្រ្ទ។
គ/. អប្សរានៅក្នុងសិល្បៈរបស់ជ្វាជាស្រីសួគ៌ដ៏ស្អាតរស់នៅជាមួយព្រះឥន្ទ្រ។
ឃ/. មតិខ្លះនិយាយថាអប្សរាជាស្រីរបាំនៅឋានសួគ៌។
ង/. យោងតាមរឿងកូរសមុទ្រទឹកដោះ អប្សរាជាវត្ថុទិព្វមួយក្នុងចំនោមវត្ថុទិព្វជាច្រើនដែលកើតចេញពីការកូរសមុទ្រទឹកដោះនៃពពួកទេវតា និង អសុរៈ។

យើងបានយោងតាមច្រើនណាស់មកហើយ ឥឡូវដល់ពេលដែលយើងត្រូវបើកបញ្ញាដើម្បីត្រិះរិះពិចារណាថា តើអប្សរាដែលស្ថិតនៅលើប្រាសាទអង្គររបស់យើងនោះ ដូចនៅនឹងអ្វីដែលគេយោងនោះដែលឬទេ។ ចូរធ្វើការវិភាគអប្សរាក្នុងចំនុច៖

ក/. តើនៅលើប្រាសាទអង្គរមានឆ្លាក់រូបពពកក្បែរអប្សរាឬទេ?
ខ/.គ/. តើនៅលើប្រាសាទអង្គរមានរូបព្រះឥន្រ្ទប៉ុន្មាន ហើយនៅក្បែរអប្សរាទាំងឡាយមានរូបព្រះឥន្រ្ទដែរឬទេ?
ឃ/. តើមានអប្សរាប៉ុន្មាននាក់ដែលធ្វើកាយវិការរាំនៅលើជញ្ជាំងប្រាសាទ?
ង/. ក្នុងមតិចុងក្រោយនេះអាចត្រូវ ព្រោះនៅលើជញ្ជាំងប្រាសាទអង្គរមានចម្លាក់ដែលគេតែងនិយាយថាជារឿងកូរសមុទ្រទឹកដោះ តែនោះមិនមែនជារឿងដើមនៃប្រទេសមួយនេះទេ។

ចូរក្រលេកអោយជិតបែរមើលជុំវិញខ្លួន កុំចាំបាច់ទៅមើលដល់ឆ្ងាយនាំលំបាក។ ក្នុងវចនានុក្រមសម្ដេចព្រះសង្ឃរាជ្យ​ជួនណាត​បានពន្យល់ថា៖
អប្សរា (អ៍ប ប្សៈរ៉ា) ដូចគ្នានឹង អច្ឆរាៈ ស្រីអប្សរា (ម.ព. អច្ឆរា និង អប្សរ)។
តើក្នុងន័យខាងលើនេះអប្សរាជាច្រើនសន្ធឹកសន្ធាប់ដែល​​ឆ្លាក់នៅលើជញ្ជាំងប្រាសាទនោះ​ជាអប្សរាដូចដែលបានបក​ស្រាយខាងលើដែរឬទេ? ពាក្យថាអច្ឆរា គឺជាស្រីដែលបង្កើតភាពអច្ឆរិយៈ ឧទាហរណ៍មួយសាមញ្ញបំផុតទឹកដីនេះមានប្រាង្គប្រាសាទរាប់ពាន់ ដែលសូម្បីតែប្រទេសឥណ្ឌាដែលជាប្រទេសផ្សព្វ​ផ្សាយព្រះពុទ្ធសាសនា និង ហិណ្ឌូសាសនាក៏មិនមានផង។ រហូតមកដល់បច្ចុប្បន្ន យើងអោយឈ្មោះរបស់យើងថាជា​ព្រះរាជាណាចក្រអច្ឆរិយៈ។ ស្រីដែលបង្កើតភាពអច្ឆរិយៈនោះជាអ្នកណា? គឺបឋមក្សត្ររបស់យើងដែលជាស្រី​ដំបូងបង្អស់ដែលគ្រប់គ្រងប្រទេសមួយនេះ ពង្រីកបានវិសាលភាពធំទូលាយរហូតដល់សម័យមហានគរដ៏រុងរឿង សុទ្ធសឹងជាកេរមរតកដែលមហាវិរៈក្សត្រខ្មែរគ្រប់ជំនាន់បានកសាងឡើង។ ហេតុដូចនេះហើយបានយើងគោរពលទ្ធិមាតាធិប្បតេយ្យយកមេជាធំ។

សរុបសេចក្ដីមក អប្សរា គឺ អច្ឆរា ស្រីដែលបង្កើតដែនដីអច្ឆរិយៈគឺបឋមក្សត្ររបស់យើង​ ដែលជារាជនីនៃអប្សរា​ទាំង​ឡាយ។ ​ចុះអប្សរាដទៃទៀតសំដៅលើអ្នកណា គឺសំដៅលើកូនចៅជំនាន់ក្រោយនៃប្រទេសមាតាធិប្បតេយ្យនេះឯង៕

ប្រភព៖ Wikipedia

មតិយោបល់