ព័ត៌មានជាតិ

អ្នកនាំពាក្យក្រសួងយុត្តិធម៌ចេញមុខបកស្រាយរឿងចោរប្លន់ ឈ្មោះ អ៊ុំ សួស្តី

ភ្នំពេញ:ក្រោយពីមានការផ្សព្វផ្សាយព័ត៌មានថា ជនសង្ស័យឈ្មោះ អ៊ុំ សួស្តី ហៅ ក្បាលពោះធំ ជាអតីតទណ្ឌិតពាក់ព័ន្ធករណីប្លន់ ជាច្រើនលើក និងត្រូវបានដោះលែង ក្រោយពីជាប់ពន្ធនាគារទើបបាន២ឆ្នាំនោះ លោក គឹម សន្តិភាព អ្នកនាំពាក្យក្រសួងយុត្តិធម៌បានថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មាននៅក្នុងបណ្តាញទំនាក់ទំនងសង្គម Telegram យ៉ាងដូច្នេះថា៖ បន្ទាប់ពីមន្រ្តីនគរបាលមួយរូបបានបង្ហោះផ្សាយនៅក្នុងហ្វេសបុករបស់ខ្លួន ពីករណីចោរប្លន់ដែលបានធ្វើសកម្មភាព ហើយសមត្ថកិច្ចចាប់ខ្លួនបាននៅថ្ងៃនេះ បង្កអោយមានការភ័ន្តច្រឡំពីសាធារណជនទៅលើការអនុវត្តទោសក្នុងសំណុំរឿងកន្លងមក អយ្យការអមសាលាដំបូងរាជធានីភ្នំពេញសូមបញ្ជាក់ជូនថា ៖ ជនល្មើសឈ្មោះ អ៊ុំ សួស្តី ហៅក្បាលពោះធំ ជាទណ្ឌិតដែលត្រូវផ្តន្ទាទោសដាក់ពន្ធនាគារកំណត់៨ឆ្នាំ ពីបទលួចមានស្ថានទម្ងន់ទោស ។ កំឡុងពេលអនុវត្តទោសក្នុងពន្ធនាគារ ទណ្ឌិតរូបនេះបានសុំទៅព្យាបាលជំងឺនៅមន្ទីរពេទ្យ ហើយបានរត់គេចខ្លួននៅពេលបញ្ជូនទៅសម្រាកនៅមន្ទីរពេទ្យ ។ តុលាការបានចេញដីកាបង្គាប់អោយចាប់ខ្លួនទណ្ឌិតរូបនេះមកអនុវត្តទោស ហើយកំពុងអនុវត្តដីកាបង្គាប់អោយចាប់ខ្លួនមកដល់ពេលនេះ ស្រាប់តែទណ្ឌិតរូបនេះបង្ហាញខ្លួន និងប្រព្រឹត្តបទល្មើសថ្មីបន្ថែមទៀត។

សូមបញ្ជាក់ថា ឈ្មោះ អ៊ុំ សួស្ដី ហៅ ក្បាលពោះធំ និងឈ្មោះ ចាន់ សុវណ្ណ ហៅប៉ែត ត្រូវបានសមត្ថកិច្ចនាយកដ្ឋានព្រហ្មទណ្ឌកម្រិតធ្ងន់ក្រសួងមហាផ្ទៃ ឃាត់ខ្លួន កាលពីម៉ោង១៣និង៣០នាទី ថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៧ នៅបន្ទប់ជួលលេខ០០១ ផ្លូវទ្រុងមាន់ ភូមិតាងៅ សង្កាត់និរោធ ខណ្ឌច្បារអំពៅ ដោយដកហូតបាន អាវុធ៣ដើម រួមមាន កាំភ្លើងម៉ាក M16កាត់ ចំនួន០១ដើម កាំភ្លើងម៉ាក Bareta ចំនួន ០១ដើម អាវុធខ្លីមិនស្គាល់ម៉ាកចំនួន ០១ដើម និងសម្ភារសម្រាប់ធ្វើសកម្មភាពប្លន់មួយចំនួនទៀត។

ការឃាត់ខ្លួននេះ ធ្វើឡើងក្រោយពីក្រុមជនសង្ស័យបានធ្វើសកម្មភាពប្លន់ និងបាញ់សម្លាប់បុរសម្នាក់ ហើយធ្វើឲ្យនារី២នាក់រងរបួសធ្ងន់ស្រាល នៅជិតផ្សារសុវណ្ណា សង្កាត់ទំនប់ទឹក ខណ្ឌចំការមន កាលពីយប់ថ្ងៃទី២១ ខែមករា ឆ្នាំ២០១៧កន្លងទៅ៕

មតិយោបល់