ព័ត៌មានជាតិ

មួយថ្ងៃ​ នគរបាលក្រុងតាខ្មៅ បង្ក្រាបមុខសញ្ញាចែកចាយគ្រឿងញៀន និងក្រុមប្រើប្រាស់គ្រឿងញៀនបាន០៥នាក់ រួមនិងថ្នាំញៀនជាច្រើនកញ្ចប់

កណ្តាល: មួយថ្ងៃប៉ុណ្ណោះនគរបាលក្រុងតាខ្មៅ ដែលដឹកនាំដោយដោយលោកវរសេនីយ៍ ស៊ឹម ប៊ុតបណ្ឌឹត អធិការក្រុងតាខ្មៅ និងលោកវរសេនីយ៍ ចំរើន បញ្ញា អធិការរងក្រុងតាខ្មៅ ក្រោមការបញ្ជារដ៍ម៉ឺងម៉ាត់ពីឧត្តមសេនីយ៍ទោ អ៊ាវ ចំរើន ស្នងការនគរបាលខេត្តកកណ្តាល បានចុះប្រតិបត្តិការណ៍បង្ក្រាបមុខសញ្ញាចែកចាយគ្រឿងញៀន និងក្រុមប្រើប្រាស់គ្រឿងញៀនបាន០៥នាក់ រួមនិងថ្នាំញៀនជាច្រើនកញ្ចប់។

ហេតុការណ៍បង្ក្រាបនេះ គឺតែមួយថ្ងៃប៉ុណ្ណោះគឺថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៧ នៅចំណុចបន្ទប់ជួល ក្នុងភូមិព្រែកសំរោង១ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល។

បើតាមលោកវរសេនីយ៍ ស៊ឹម ប៊ុតបណ្ឌឹត អធិការក្រុងតាខ្មៅបានប្រាប់អោយដឹងថា មុខសញ្ញាចែកចាយគ្រឿងញៀនមានឈ្មោះខាន់ ចាន់ណាឡែន ភេទ ប្រុសអាយុ២២ឆ្នាំ ភូមិកំពង់សំណាញ់​ សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្តាល
មុខរបរមិនពិតប្រាកដ។ វត្ថុតាងដកហូតរួមមាន ក្រាមពណ៌សថ្លាសង្ស័​យ សារធាតុញៀន (ទឹកកក) ចំនួន១៥កញ្ចប់ (តូច ១៣និង កញ្ចប់ធំ២) ម៉ូតូម៉ាកSCOOPY (ម៉ីនី) ទូរសព្ទ័មួយគ្រឿងម៉ាកLG និងសំភារ:សំរាប់វិចខ្ចប់មួយចំនួនទៀត។

រីឯក្រុមប្រើប្រាស់គ្រឿងញៀនមាន០៤នាក់ ទី១.ឈ្មោះ ភឹម ចាន់ថន ភេទប្រុស អាយុ២៧ឆ្នាំ មានទីលំនៅបច្ចុប្បន្ន ភូមិត្រពាំងឈូកឃុំព្រែកគយ ស្រុកស្អាង ខេត្តកណ្តាល មុខរបរមិនពិតប្រាកដ ទី២.ឈ្មោះ យ៉ាន ណាវី ភេទស្រីអាយុ ៣៧ឆ្នាំជាម្ចាស់បន្ទប់ជួល ក្នុងភូមិព្រែកសំរោង១សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល ដែលមាន ស្រុកកំណើតក្នុងភូមិអូរ ឃុំពេជ្រចិន្តា ស្រុកបវិល​ ខេត្តបាត់ដំបង មុខរបរមិនពិតប្រាកដ ទី៣.ឈ្មោះ ​ពិន ម៉ាណានីកា ភេទស្រី អាយុ២០ឆ្នាំ មាន
ទីលំនៅបច្ចុប្បន្នក្នុងភូមិព្រែកឡុង សង្លាត់តាក្តុល ក្រុងតាខ្មៅ ខេត្តកណ្តាល
មុខរបរមិនពិតប្រាកដ និងទី៤.ឈ្មោះ ហ៊ា ចាន់នី ភេទ​ប្រុស អាយុ៣០ឆ្នាំ មានទីលំនៅបច្ចប្បន្នក្នុងភូមិព្រែកសំរោង១ ក្រុងតាខ្មៅ ខេត្តកណ្តាល។

វត្ថុតាងចាប់រួមមាន ទូរសព្ទ័ចំនួន​៤គ្រឿង iPhone៥មួយគ្រឿង Sony Erisson ពណ៌ឈាមជ្រូកមួយគ្រឿង SAMSUNG ពណ៌សមួយគ្រឿង HUAWEI ពណ៌សមួយគ្រឿង ម៉ូតូ HONDA ម៉ាកMOOVE១គឿង ពាក់ស្លាកលេខភ្នំពេញ1FB-4095។

លោកអធិការបានបញ្ជាក់ថា ករណីគ្រឿងញៀននេះ ត្រូវបានជនអាណាមឹកម្នាក់រាយការណ៍តាមទូរសព្ទ័ មកថាមានក្មេងៗបួនទៅប្រាំនាក់ កំពុងតែជក់ថ្នាំញៀននៅក្នុងបន្ទប់ជួលដែលស្ថិតនៅក្នុងភូមិព្រែកសំរោង​១ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល។ នៅពេលទៅដល់ក៏បានឃើញដូចការ​​ រាយការណ៍នោះមែន ហើយឈ្មោះខាន់ ចាន់ ណាឡែន នៅទីនោះដែរ។

តាមចម្លើយសារភាព របស់ឈ្មោះ ខាន់ ចាន់ណាឡែន ថាថ្នាំនេះពិតជារបស់ខ្លួនមែន ដោយបា​​​នទិញពីឈ្មោះ នី​​ (ភេទទី៣) នៅភូមិ លេខ១ (ភូមិយួន) ឃុំស្វាយរលំ ស្រុកស្អាង ខេត្តកណ្តាល។ ហើយខ្លួនបានប្រព្រឹត្តអំពើនេះអស់រយៈពេលយូរឆ្នាំមកហើយ។ បច្ចុប្បន្នសមត្ថកិច្ចកំពុងតែបំពេញនីតិវិធីបញ្ជូនជនសង្ស័យទាំង៥នាក់ ទៅកាន់តុលាការ។

គួរបញ្ជាក់ថា ឈ្មោះខាន់ ចាន់ណាឡែន នេះមានដីការចាប់ខ្លួនលេខ​៤២១ ច.ដ.ខ ចុះថ្ងៃទី០៨ ខែកញ្ញា​​ ឆ្នាំ២០១៦ របស់ចៅក្រមស៊ីបសួរ គឹម ម៉េង ពីបទជួញដូរដោយខុសច្បាប់នូវសារធាតុញៀន​​​​​៕

មតិយោបល់