ព័ត៌មានជាតិ

ឧកញ៉ា ឌួង ឆាយ សម្រេចមិនទាមទារសំណងអ្វី គ្រាន់តែចង់ជនបង្កដឹងពីកំហុសរបស់ខ្លួន

ភ្នំពេញ: លោក តី សុវណ្ណរ៉េត អធិការងទទួលផែនចរាចរណ៍ និងសណ្ដាប់ធ្នាប់នៃអធិការដ្ឋាននគរបាលខណ្ឌទួលគោក បានប្រាប់ភ្នាក់ងារ Post News នៅរសៀលថ្ងៃទី២៨ ខែមករា ឆ្នាំ២០១៧នេះអោយដឹងថា បុរសម្នាក់ស្រវឹងស្រាម្នាក់បានបើករ៉ឺម៉ូតូកង់បីមួយគ្រឿងបញ្ច្រាស់ផ្លូវ ទៅប៉ះជាមួយរថយន្តមួយគ្រឿងសេរីទំនើបម៉ាក Roll Royce របស់លោកឧកញ៉ា ឌួង ឆាយ បានដឹងកំហុសរបស់ខ្លួននិងសុំទោស ដល់ ឌួង ឆាយ ហើយកម្លាំងសមត្ថកិច្ចបានអោយភាគីខាងម៉ូតូកង់៣ ធ្វើកិច្ចសន្យា កុំអោយលើកក្រោយ ស្រវឹងបើកបរ ដូចបែបនេះទៀត។

សូមបញ្ជាក់ផងដែរ ឧកញ៉ា ឌួង ឆាយ មិនបានទាមទារសំណងអ្វីនោះទេ គ្រាន់តែចង់អោយមនុស្សបែបនេះដឹងពីកំហុសរបស់ខ្លួន។

គួរំលឹកផងដែរ កាលពីវេលាម៉ោង ១និង១០នាទី រំលងអាធ្រាត្រឈានចូលថ្ងៃទី២៨ ខែមករា ឆ្នាំ២០១៧នេះ ស្ថិតនៅតាមបណ្តោយផ្លូវ២៧១ សង្កាត់ទឹកល្អក់៣ ខណ្ឌទួលគោក មានបុរសម្នាក់ស្រវឹងស្រាម្នាក់បានបើករ៉ឺម៉ូតូកង់បីមួយគ្រឿងបញ្ច្រាស់ផ្លូវ ទៅប៉ះជាមួយរថយន្តមួយគ្រឿងសេរីទំនើបម៉ាក Roll Royce ដែលមានតម្លៃ រាប់សែនដុល្លារ របស់លោកឧកញ៉ា ឌួង ឆាយ បង្កឲ្យមានការភ្ញាក់ផ្អើល។

តាមប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុ គេបានឃើញរ៉ឺម៉ក់ម៉ូតូកង់បីមួយគ្រឿង ជិះដោយបុរសស្រវឹងស្រាម្នាក់បានជិះបញ្ច្រាស់ តាមផ្លូវ២៧១ ក្នុងទិសដៅពីជើងទៅត្បូង ដោយជិះបញ្រ្ចាស់ ចាប់ពីស្តុប NOKIA រហូតដល់មុខខារ៉ាអូខេឌីយ៉ាម៉ង់ ក៏បានជ្រុលចង្កូតទៅគៀរប៉ះជាមួយ និងរថយន្តមួយគ្រឿងរបស់ឧកញ៉ា ឌួង ឆាយ ម៉ាក Roll Royce ពណ៌ស គ្មានស្លាកលេខ ដែលធ្វើដំណើរបញ្ច្រាស់ទិសគ្នាបណ្តាលឲ្យរថយន្ត រងការខូចខាតរលាត់ថ្នាំ នៅកង់ក្រោយផ្នែកខាងឆ្វេង នៃរថយន្ត Royce Royce របស់លោកឧកញា្ញតែម្តង។

ដោយសារខាងកង់បីស្រវឹងមិនអាចនិយាយគ្នាបានលោកឧកញ៉ា រួមជាមួយភរិយាបានទុករថយន្តចោលរួចឲ្យអ្នកផ្ទះ យករថយន្តមួយគ្រឿងផ្សេងទៀត ជិះជាមួយប្រពន្ធចេញទៅបាត់ទៅ៕

https://youtu.be/e58-PvVeWfg

មតិយោបល់