ព័ត៌មានជាតិ

ទីបំផុត! ក្រុមចោរប្លន់សម្លាប់ ដ៏កក្រើកក្រុងភ្នំពេញ ត្រូវបានចៅក្រមចេញដីកាឃុំខ្លួនហើយ

ភ្នំពេញ: ករណីប្លន់សម្លាប់ដ៏កក្រើកមួយ ក្នុងក្រុមភ្នំពេញ ត្រូវបានចៅក្រមសាលាដំបូងរាជធានីភ្នំពេញ លោក ឡុង កេសភារម្យ ចេញដីការឃុំខ្លួនជាបណ្តោះអាសន្ន នាល្ងាចថ្ងៃទី២៨ ខែមករា ឆ្នាំ២០១៧នេះ។

តាមប្រភពព័ត៌មានបានឲ្យដឹងថា ព្រះរាជអាជ្ញារង អមសាលារាជធានីភ្នំពេញ លោក ស៊ិន​ វិរៈ បានធ្វើការចោទពីបទលួចមានស្ថានទម្ងន់ទោស ដោយមរណភាពនៃជនរងគ្រោះ និងបទកាន់អាវុធដោយគ្មានការអនុញ្ញាត យោងតាមមាត្រា៣៦០ និងមាត្រា៤៩០ នៃក្រមព្រហ្មទណ្ឌ។

សូមបញ្ជាក់ថា ឈ្មោះ អ៊ុំ សួស្ដី ហៅ ក្បាលពោះធំ និងឈ្មោះ ចាន់ សុវណ្ណ ហៅប៉ែត ត្រូវបានសមត្ថកិច្ចនាយកដ្ឋានព្រហ្មទណ្ឌកម្រិតធ្ងន់ក្រសួងមហាផ្ទៃ ឃាត់ខ្លួន កាលពីម៉ោង១៣និង៣០នាទី ថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៧ នៅបន្ទប់ជួលលេខ០០១ ផ្លូវទ្រុងមាន់ ភូមិតាងៅ សង្កាត់និរោធ ខណ្ឌច្បារអំពៅ ដោយដកហូតបាន អាវុធ៣ដើម រួមមាន កាំភ្លើងម៉ាក M16កាត់ ចំនួន០១ដើម កាំភ្លើងម៉ាក Bareta ចំនួន ០១ដើម អាវុធខ្លីមិនស្គាល់ម៉ាកចំនួន ០១ដើម និងសម្ភារសម្រាប់ធ្វើសកម្មភាពប្លន់មួយចំនួនទៀត។

ការឃាត់ខ្លួននេះ ធ្វើឡើងក្រោយពីក្រុមជនសង្ស័យបានធ្វើសកម្មភាពប្លន់ និងបាញ់សម្លាប់បុរសម្នាក់ ហើយធ្វើឲ្យនារី២នាក់រងរបួសធ្ងន់ស្រាល នៅជិតផ្សារសុវណ្ណា សង្កាត់ទំនប់ទឹក ខណ្ឌចំការមន កាលពីយប់ថ្ងៃទី២១ ខែមករា ឆ្នាំ២០១៧កន្លងទៅ៕

មតិយោបល់