ព័ត៌មានជាតិ ព័ត៌មានសិល្បៈ និងកម្សាន្ត

លី ម៉ារីណា ភ្ជាប់ខ្លួនក្នុងក្រុម«គ្រួសារតារាកម្ពុជា»

ភ្នំពេញៈ បើទោះជាបានសារភាពថាស្វាមីមិនឲ្យប្រឡូកការងារសម្ដែងរឿង និងថតស្ពត ក៏តារាសម្ដែងល្បីឈ្មោះអ្នកនាងនៅតែចង់លឹបល និងហាក់មានការអាល័យក្នុងវិថីសិល្បៈ។ អ្នកនាងថាខ្លួនមិនចង់បោះបង់សិល្បៈទេ ប៉ុន្តែអ្នកនាងក៏មិនអាចផ្ដាច់ខ្លួនពីអ្នកសិល្បៈបានដែរ ទើបអ្នកនាងសម្រេចភ្ជាប់ខ្លួនជាមួយអ្នកសិល្បៈជាថ្មី ដោយបានប្រកាសខ្លួនចូលក្នុងGroup «គ្រួសារតារាកម្ពុជា»ដែលជាស្ថាប័នប្រមូលអ្នកសិល្បៈដ៏ធំមួយ នៅក្នុងបណ្ដាញហ្វេសប៊ុក។

លោកផាត់ តារារដ្ឋ ស្ថាបនិក«គ្រួសារតារាកម្ពុជា»បានអះអាងថាមកទល់ពេលនេះ«គ្រួសារតារាសិល្បៈ»កាន់តែកៀរគរតារាល្បីនៅក្នុងប្រទេសកម្ពុជាឲ្យក្លាយជាសមាជិកក្រុមបានច្រើនជាងមុន។ លោកថាសមាជិកក្នុងក្រុមមានចំនួនប្រមាណជាង២០០នាក់ហើយ ដោយក្នុងក្រុមនេះទាំងមូលមិនមែនមានតែតារាសិល្បៈល្បីឈ្មោះប៉ុណ្ណោះទេ ប៉ុន្តែក៏មានផលិតករភាពយន្តល្បីឈ្មោះជាច្រើននៅក្នុងនោះផងដែរ។ អ្វីដែលខុសប្លែកពីនោះ គឺ«គ្រួសារតារាកម្ពុជា»ជាGroup របស់តារាសិល្បៈ និងដើម្បីអ្នកសិល្បៈ ទើបធ្វើឲ្យGroup មួយនេះកាន់តែទទួលបានការគាំទ្រច្រើនឡើង។ ដ្បិតថាបានដំណើរការត្រឹមក្នុងរយៈពេលខ្លី តែGroup «គ្រួសារតារាកម្ពុជា»មានសមិទ្ធិផលសម្រាប់អ្នកសិល្បៈគួរឲ្យកត់សម្គាល់មកហើយ ដូចជាបានប្រមូលស្នាមមេដៃធ្វើញត្តិគាំទ្រដល់តារាចម្រៀងវ៉ានីឡា តារាចម្រៀងPhleng Record ក្នុងពេលដែលនាងរងគ្រោះដោយការបង្ហោះរូបអាក្រាតជាការពញាក់អារម្មណ៍ដល់ប្រព័ន្ធផ្លូវច្បាប់ និងបានបង្កើតព្រឹត្តិការណ៍ដើរលើកំរាលព្រំកាលពីថ្ងៃទី១៧ កញ្ញាមុននេះ ជាមួយនិស្សិតពេទ្យនៅសាកលវិទ្យាល័យន័រតុនដើម្បីស្វែងរកថវិការជួយដល់មន្ទីរពេទ្យគន្ធបុប្ផាជាដើម។

លោកផាត់ តារារដ្ឋ បន្តថាជាមួយនឹងលទ្ធផលជោគជ័យទើបGroup «គ្រួសារតារាកម្ពុជា»ត្រូវបានទទួលស្គាល់ និងមានការចូលរួមពីសំណាក់តារាសិល្បៈកាន់តែច្រើនជាងមុន ដោយសូម្បីតែអ្នកនាងលី ម៉ារីណា ដែលត្រូវគេដឹងថាបានប្រកាសដកខ្លួន និងមានតារាសិល្បៈជាច្រើនពិបាកទំនាក់ទំនង ក៏បានស្ម័គ្រខ្លួនធ្វើជាសមាជិកដ៏សកម្មមួយនៅក្នុងក្រុមនេះ។ លោកនិយាយថា អ្នកនាង លី ម៉ារីណា បានប្រកាសភ្ជាប់ខ្លួនជាមួយតារាសិល្បៈយ៉ាងទូលំទូលាយជាថ្មីតាមរយៈក្រុមនេះ ប៉ុន្តែមិនមានន័យថាអ្នកនាងនឹងទទួលការងារសិល្បៈជាថ្មីនោះទេ។ យ៉ាងណាមិញក៏មានន័យថា តារាសិល្បៈនឹងមានទំនាក់ទំនងជាមួយអ្នកនាងដូចដើម ហើយក៏មានន័យថារឿងរ៉ាវផ្ទាល់ខ្លួនរបស់អ្នកនាងនឹងមិនស្ងាត់បាត់ឈឹង នាំឲ្យមានការយល់ច្រលំដូចមុនទៀតដែរ។ លោកថាតាមរយៈស្នាដៃ«គ្រួសារតារាកម្ពុជា»មិនត្រឹមតែទទួលស្គាល់ក្នុងរង្វង់អ្នកសិល្បៈប៉ុណ្ណោះទេ ក្នុងស្រទាប់មហាជនក៏ស្គាល់ក្រុមនេះច្រើនឡើងផងដែរ។

អ្នកនាងលី ម៉ារីណា បានបញ្ជាក់ក្នុងគ្រុប«គ្រួសារតារាកម្ពុជា»ថា អ្នកនាងនឹងភ្ជាប់ខ្លួនជាមួយអ្នកសិល្បៈជាថ្មី ហើយក៏ព្រោះតែអ្នកនាងបានកត់សម្គាល់ឃើញថាតារាភាគច្រើននៅក្នុងGroup «គ្រួសារតារាកម្ពុជា» សុទ្ធតែជាតារាល្បី និងធ្លាប់រួមការងារជាមួយក្នុងពេលអ្នកនាងនៅទទួលសិល្បៈ ទើបអ្នកនាងពេញចិត្តធ្វើជាសមាជិកនៅក្នុងក្រុមនេះ ដោយចាត់ទុកថាការជជែកលេងជាមួយក្រុមនេះ គឺមិនខុសពីការត្រលប់ទៅកាន់ទំនាក់ទំនងជាស្អិតរមួតជាថ្មីជាមួយតារាសិល្បៈទាំងអស់ កាលពីអតីតកាល៕

photo_2016-09-22_23-09-26photo_2016-09-22_23-09-28photo_2016-09-22_23-09-30photo_2016-09-22_23-09-33photo_2016-09-22_23-09-36photo_2016-09-22_23-09-38photo_2016-09-22_23-09-40photo_2016-09-22_23-09-43photo_2016-09-22_23-09-45photo_2016-09-22_23-09-48photo_2016-09-22_23-09-50photo_2016-09-22_23-09-52photo_2016-09-22_23-09-55

មតិយោបល់