ព័ត៌មានជាតិ

ទាស់ពាក្យសម្ដីគ្នារហូតក្លាយជាហិង្សា ម្នាក់ដេកពេទ្យ និងម្នាក់ទៀត ត្រូវប៉ូលិសឃាត់ខ្លួន

កណ្ដាលៈ បើតាមសមត្ថកិច្ច បានឲ្យដឹងថា កាលពីថ្ងៃ២៧ ខែមករា មានករណីហិង្សាដោយចេតនាមួយ បានកើតទ្បើងនៅចំណុចលើផ្លូវមុខផ្ទះឈ្មោះ ឃុន ប៉ ភូមិព្រែកឫស្សី ឃុំព្រែកឫស្សី ស្រុកល្វាឯម ខេត្តកណ្តាល ។

ជនរងគ្រោះមានឈ្មោះ ឃុន ប៉ ភេទប្រុស អាយុ ៤៣ ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ ទីលំនៅបច្ចុប្បន្ន នៅភូមិព្រែកស្សី ឃុំព្រែកឫស្សី ស្រុកល្វាឯម ខេត្តកណ្តាល ។

ជនសង្ស័យម្នាក់ ត្រូវបានឃាត់ខ្លួន មានឈ្មោះ សូ ថាច ភេទ ប្រុស អាយុ ៤៩ ឆ្នាំ ជាតិខ្មែរ មុខរបរនេសាទត្រី ទីលំនៅបច្ចុប្បន្ន នៅភូមិព្រែកឬស្សី ឃុំព្រែកឫស្សី ស្រុកល្វាឯម ខេត្តកណ្តាល។ វត្ថុតាងចាប់យកមាន ពូថៅចំនួន១។

នៅមុនពេលកើតហេតុ ឈ្មោះ ឃុន ប៉ និងឈ្មោះ សូ ថាច មានផ្ទះជិតគ្នា ហើយកាលពីថ្ងៃទី ២៧ ខែមករា វេលាម៉ោង ៦ និង១០ នាទីល្ងាច អ្នកទាំង២និយាយដៀមដាមដាក់គ្នាទៅវិញទៅមក ហើយក៏កើតរឿងជេរគ្នា បន្ទាប់មកឈ្មោះ សូ ថាច បានកាន់ពូថៅស្ទុះចេញពីផ្ទះទៅលើផ្លូវមុខផ្ទះ ឈ្មោះ ឃុន ប៉ ហើយ ឈ្មោះ ឃុនប៉ ក៏បានស្ទុះចេញមកពីផ្ទះដែរ ដោយមានកាន់ប្រនុងហើយក៏វាយគ្នា ពេលនោះឈ្មោះ សូ ថាច បានកាប់ទៅលើឈ្មោះ ឃុន ប៉ ចំថ្ងាស់ បន្ទាប់មកប្រពន្ធអ្នកទាំង២ បានចាប់ឃាត់ប្តីរៀងៗខ្លួន។

ក្រោយពេលកើតហេតុឈ្មោះ ឃុន ប៉ ត្រូវបានប្រពន្ធបញ្ជូនទៅមន្ទីរពេទ្យនៅភ្នំពេញ៕

មតិយោបល់