ព័ត៌មានជាតិ

យកខ្សែភ្លើងតភ្ជាប់ប្រអប់ចរន្តអគ្គិសនី ដើម្បីឆក់ត្រី បណ្តាលឲ្យឆក់ខ្លួនឯងស្លាប់ នៅខេត្តកំពង់ចាម

កំពង់ចាម: កាលពីវេលាម៉ោង៨ និង ៣៥នាទីថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២០ ករណីបុរសម្នាក់ យកខ្សែភ្លើងតភ្ជាប់ប្រអប់ចរន្តអគ្គិសនី ដើម្បីឆក់ត្រី បណ្តាលឲ្យឆក់ខ្លួនឯងស្លាប់ ស្ថិតនៅក្នុងភូមិត្រពាំងផ្អាវ ស្រុកជើងព្រៃ ខេត្តកំពង់ចាម ។

ជនរងគ្រោះឈ្មោះ រស់ គឹមស្រ៊ាន់ ភេទប្រុស អាយុ៣៨ឆ្នាំ រស់នៅភូមិកំពង់រទេះ សង្កាត់កំពង់រទេះ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ ។

ដំណើររឿង៖ នៅមុនពេលកើតហេតុ ជនរងគ្រោះ បានមកលេងផ្ទះបងថ្លៃឈ្មោះ តន ណារី ភេទស្រី អាយុ៤១ឆ្នាំ នៅភូមិ-ឃុំកើតហេតុ តាំងពីថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២០ លុះព្រឹកឡើងថ្ងៃទី០៨ ខែ-ឆ្នាំដដែល ជនរងគ្រោះ បានយកខ្សែភ្លើងតចេញពីប្រអប់ព្រីភ្លើង ដើម្បីឆក់ត្រីនៅស្រះក្រោយផ្ទះបងថ្លៃ ពេលតភ្ជាប់រួចហើយ មិនទាន់បានឆក់ត្រីផង ស្រាប់តែឆក់ខ្លួនឯង បណ្តាលឲ្យស្លាប់នៅមាត់ស្រះ ។

ករណីខាងលើនេះ កម្លាំងសមត្ថកិច្ចជំនាញផ្នែកពិនិត្យវិភាគ សហការជាមួយប៉ុស្តិ៍នគរបាលរដ្ឋបាលព្រីងជ្រុំ គ្រូពេទ្យមណ្ឌលសុភាព ឃុំព្រីងជ្រុំ និងអាជ្ញាធរមូលដ្ឋាន ចុះទៅដល់ទីកន្លែងកើតហេតុ ដើម្បីពិនិត្យសាកសពជនរងគ្រោះ ឃើញមានសភាពស្លេកស្លាំង ផ្នែកក្បាលលើថ្ពាល់ខាងឆ្វេងមានស្នាមឆេះខ្លោច ដោយខ្សែភ្លើងឆក់ ផ្នែកដងខ្លួននៅលើស្មាដើមដៃខាងឆ្វេង និងក្លៀកខាងឆ្វេង មានស្នាមឆេះ ។ ក្រោយពីពិនិត្យរួចសមត្ថកិច្ចសន្និដ្ឋានថា ជនរងគ្រោះស្លាប់ដោយសារ ខ្សែភ្លើងឆក់ពិតប្រាកដមែន ហើយបានប្រគល់សាកសពឲ្យសា​ច់ញាតិយកធ្វើបុណ្យតាមប្រពៃណី ៕

មតិយោបល់