ព័ត៌មានជាតិ

គ្រាប់បែក ទម្ងន់ជាង២០០គីឡូ ដែលទម្លាក់ពីលើយន្តហោះរបស់អាមេរិចត្រូវ ពលរដ្ឋ ជីកស្រះប្រទះឃើញ

ស្វាយរៀងៈ គ្រាប់បែកទម្លាក់ពីយន្តហោះ របស់អាមេរិចប្រភេទ GPLD 500Lb MK 82 ដែលមានទម្ងន់រហូតដល់២២៧ គីឡូក្រាម ត្រូវបានប្រជាពលរដ្ឋដែលបានជីកស្រះក្នុងវត្ត ស្ថិតនៅភូមិអូរសំដី ឃុំពោធិរាជ ស្រុកស្វាយជ្រុំ ខេត្តស្វាយរៀង ប្រទះឃើញ និងបានរាយការណ៍មន្ត្រីជំនាញស៊ីម៉ាក់ ដើម្បីយកគ្រាប់នោះចេញ។

ការប្រទះឃើញនេះ បានកើតឡើងកាលពីនៅព្រឹកថ្ងៃទី៣០ ខែមករា ឆ្នាំ២០១៧ ហើយត្រូវបានក្រុមជំនាញស៊ីម៉ាក់ប្រចាំភូមិភាគកំពង់ចាម បានបើកប្រតិបត្តិការដោះ គ្រាប់បែកទម្លាក់ពីយន្តហោះប្រភេទ GPLD 500Lb MK 82 ដែលមានទម្ងន់ចំនួន២២៧គីឡូក្រាម បូកទាំងជាតិផ្ទុះ ចេញដោយសុវត្ថិភាព។

ពាក់ពន្ធ័នឹងការប្រទះឃើញនេះដែរ លោក ហេង រតនា បានបញ្ជាក់ថា ប្រជាពលរដ្ឋដែលជីកស្រះនេះពិតជាសំណាងណាស់ ដែលគ្រឿងចាក់កាយចំគ្រាប់ តែមិនចំកន្លែងផ្ទុះ ហើយគ្រាប់បែកដ៏គ្រោះថ្នាក់នេះ ត្រូវដឹកមកទីលានកាត់បន្សាបគ្រាប់របស់ស៊ីម៉ាក់នៅខេត្តកំពង់ឆ្នាំង។ គ្រាប់បែកដែលទម្លាក់ពីយន្តហោះ របស់អាមេរិចបានបន្សល់ទុកលើទឹកដីខ្មែររាប់លានគ្រាប់ បូករួមទាំងគ្រាប់បែកគីមីផងដែរ។

គួរបញ្ជាក់ផងដែរថា កាលពីថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៧ ស៊ីម៉ាក់បានរកឃើញគ្រាប់បែកគីមី ដ៏គ្រោះថ្នាក់បំផុតចំនួន២គ្រាប់នៅក្នុងសាលា និងវត្តអារាម ក្នុងស្រុករមាសហែក ខេត្តស្វាយរៀងផងដែរ។ ស៊ីម៉ាក់បានកំណត់យកសប្តាហ៍ទី១ ខែកុម្ភៈ ឆ្នាំ២០១៧ ដើម្បីដោះគ្រាប់បែកគីមីនេះចេញ ដោយត្រូវជម្លៀសសិស្សសាលា ព្រះសង្ឃ និងប្រជាពលរដ្ឋទីកន្លែងសុវត្ថិភាព ក្នុងពេលបើកប្រតិបត្តិការ។

មន្ត្រីស៊ីម៉ាក់បានឲ្យដឹងថា អាមេរិចបានទម្លាក់គ្រាប់បែកចង្កោម និងគ្រាប់បែកគីមីជិត៣លានគ្រាប់មកលើទឹកដីកម្ពុជា និងបានសម្លាប់អាយុជីវិតពលរដ្ឋស្លូតត្រង់ជាងកន្លះលាននាក់៕

មតិយោបល់