ព្រះសីហនុៈ គ្រោះថ្នាក់ចរាចរណ៍មួយបង្កឡើងដោយរថយន្តម៉ាក រេហ្វ័រ ពណ៌ស្ករមួយគ្រឿង បើកបរខ្វះការប្រុងប្រយត្ន័ ជ្រុលទៅបុកម៉ូតូម៉ាក SL យ៉ាងពេញទំហឹង បណ្តាលឲ្យមនុស្សប្រុសស្រី២នាក់ រងរបួសធ្ងន់ ត្រូវបានគេបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យនៅភ្នំពេញ។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ២និង ៣០នាទី យប់ឈានចូលថ្ងៃទី ៣០ ខែមករា ឆ្នាំ២០១៧ ស្ថិតនៅចំណុចផ្លូវឯករាជ្យ ចំណុចកែងតុលាការចាស់ សង្កាត់លេខ៤ ក្រុង/ខេត្តព្រះសីហនុ។
ប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ គេបានឃើញរថយន្តម៉ាក រេហ្វ័រ ពណ៌ស្ករ ពាក់ស្លាកលេខ ភ្នំពេញ 2AD-5931 បើកបរក្នុងល្បឿនលឿន លុះបានមកដល់ចំណុចកើតហេតុ ក៏ជ្រុលទៅបុកម៉ូតូធំម៉ាក SL ដែលកំពុងជិះឌុបគ្នា២នាក់ យ៉ាងពេញទំហឹង បណ្តាលឲ្យរងរបួសធ្ងន់ ត្រូវបានគេបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យក្នុងក្រុងភ្នំពេញ។
ក្រោយពីកើតហេតុ មធ្យោបាយធ្វើដំណើរទាំង ២គ្រឿង ត្រូវបានសមត្ថកិច្ចស្ទូចយកទៅរក្សាទុកនៅ ការិយាល័យនគរបាលចរាចរណ៍ផ្លូវគោកខេត្តព្រះសីហនុ រង់ចាំធ្វើការដោះស្រាយគ្នាពេលក្រោយតាមផ្លូវច្បាប់៕
មតិយោបល់