ភ្នំពេញៈ យុវជនម្នាក់ ជិះម៉ូតូដាក់ដាវសាំម៉ូរ៉ៃជាប់នឹងម៉ូតូខាងឆ្វេង ត្រូវបានកម្លាំងនគរបាលប៉ុស្តិ៍ភ្នំពេញថ្មី បានធ្វើការឃាត់ខ្លួន កាលពីវេលាម៉ោង៨និង៣០នាទីព្រឹកថ្ងៃទី៣១ ខែមករា ឆ្នាំ២០១៧ នៅចំណុចស្ដុបផ្សារដីហ៊ុយ ផ្លូវហាណូយ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
ជនសង្ស័យមានឈ្មោះ លឺ ចន្ថា អាយុ២៣ឆ្នាំ មុខរបរលក់អ៊ីវ៉ាន់ ស្នាក់នៅម្ដុំក្ដាន់ពីរ សង្កាត់ស្រះចក ខណ្ឌដូនពេញ មានស្រុកកំណើតភូមិចៀស១ ឃុំថ្មពេជ្យ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ។
នៅមុនពេលកើតហេតុ យុវជនខាងលើ បានជិះម៉ូតូមួយគ្រឿង ម៉ាកសង់ប៊ិចពណ៌ខ្មៅ ពាក់ស្លាកលេខ បាត់ដំពង 1D-3822 ដោយមានប្រដាប់ដោយដាវសាំម៉ូរ៉ៃចងជាប់ជាមួយម៉ូតូ លុះធ្វើដំណើរមកដល់ចំណុចខាងលើ ក៏ត្រូវសមត្ថកិច្ចឃាត់ខ្លួនយកមកសាកសួរតែម្ដង។
បច្ចុប្បន្នជនសង្ស័យ រួមនឹងវត្ថុតាង ត្រូវបានបញ្ជូនមកអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធី៕




មតិយោបល់