អាជ្ញាធរជាតិអប្សរា បាននិងកំពុងបង្កើត គេហទំព័រទេសចរណ៍អង្គរ (www.angkor.com.kh) ដែលគ្រោងនឹងដាក់ដំណើរការចាប់ពីថ្ងៃស្អែកនេះតទៅ ដើម្បីផ្តល់ព័ត៌មានដ៏សម្បូរបែប ទាក់ទងនឹងព័ត៌មានទេសចរផ្សេងៗ នៅតំបន់រមណីយដ្ឋានប្រវត្តិសាស្រ្តអង្គរ។ នេះបើយោងតាមការឲ្យដឹងពីគេហទំព័រ អាជ្ញាធរជាតិអប្សរា ចេញផ្សាយកាលពីម្សិលមិញនេះ។
គេហទំព័រថ្មីនេះ នឹងដើរតួនាទីចម្បង ក្នុងការផ្សព្វផ្សាយពីតំបន់ទេសចរណ៍ ក្នុងរមណីយដ្ឋានប្រវត្តិសាស្រ្តអង្គរ ជាពិសេសផ្តល់ព័ត៌មានសំខាន់ៗ សម្រាប់ដំណើរទេសចរណ៍ ប្រកបដោយបទពិសោធន៍ល្អប្រសើរ។
ក្រុមការងារ បានចំណាយពេលជិត ១ឆ្នាំ ក្នុងការបង្កើតគេហទំព័រនេះឡើង ហើយវាក៏ជាមធ្យោបាយមួយ សម្រាប់ផ្សារភ្ជាប់ទំនាក់ទំនងរវាងភ្ញៀវទេសចរ និងក្រុមការងារ តាមរយៈការបញ្ចេញមតិ និងសំណូមពរផ្សេងៗ ក្នុងន័យស្ថាបនា ដើម្បីឲ្យក្រុមការងារ សិក្សាកែសម្រួល លើកកម្ពស់សេវាទេសចរណ៍អង្គរឲ្យកាន់តែប្រសើរ។
គួរជម្រាបដែរថា គេហទំព័រនេះ នឹងមានការអភិវឌ្ឍន៍បន្ថែមជាប្រចាំ ក៏ដូចជាការបន្ថែមភាសាបរទេសសំខាន់ៗ លើភាសាអង់គ្លេសដែលមានស្រាប់៕
មតិយោបល់