ព័ត៌មានជាតិ

បញ្ជូនស្ត្រីម៉ាស្សា២នាក់ ទៅតុលាការ ពាក់ព័ន្ធរឿងលួចលុយភ្ញៀវ

ភ្នំពេញ: នៅព្រឹកថ្ងៃទី១ ខែកុម្ភ: ឆ្នាំ២០១៧នេះ សមត្ថកិច្ចខណ្ឌពោធិ៍សែនជ័យ បានបញ្ជូនស្ត្រីកោសជប់ ម៉ាស្សាចំនួន២នាក់ ទៅកាន់តុលាការ ពាក់ព័ន្ធករណី លួចទ្រព្យសម្បត្តិ និងលុយភ្ញៀវជិត២លានរៀល។

ជនសង្ស័យទាំង២នាក់ ទី១ ឈ្មោះ សៅ សុខហេង ភេទស្រី អាយុ ១៨ឆ្នាំ មុខរបរ នារីម៉ាស្សា ស្នាក់នៅផ្ទះលេខ ១៣០អា ផ្លូវ២០០៤ ភូមិត្រពាំងល្វា សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ មានស្រុកកំណើតភូមិពាមរ៍ ឃុំរកាកោង១ ស្រុកមុខកំពូល ខេត្តកណ្តាល និងទី២ ឈ្មោះ ហេង ធូ ភេទស្រី អាយុ៣០ឆ្នាំ មុខរបរនារីម៉ាស្សា ស្នាក់នៅជាមួយជនសង្ស័យទី១ មានស្រុកកំណើត ភូមិអង្គរបុរី ឃុំអង្គរបុរី ស្រុកអង្គរបុរី ខេត្តតាកែវ។

ស្រ្តីជនសង្ស័យ ទាំង២នាក់ បានជួលផ្ទះខាងលើ ប្រកបរបរកោសជប់ម៉ាស្សា និងប្រព្រឹត្តសញ្ចារកម្ម ត្រូវបានកម្លាំងនគរបាលខណ្ឌពោធិ៍សែនជ័យ ចុះបង្ក្រាប និងឃាត់ខ្លួនកាលពីព្រឹកថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៧កន្លងទៅក្រោយពីសមត្ថកិច្ចទទួលបានពាក្យបណ្តឹងពីជនរងគ្រោះថា ក្រុមជនសង្ស័យ បានរួមគំនិតគ្នាលួចលុយ ទ្រព្យសម្បត្តិភ្ញៀវចូលម៉ាស្សា ចំនួន២ដងផ្ទួនៗគ្នា កាលពីព្រឹកថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៧កន្លងទៅ។

ប្រភពពីសមត្ថកិច្ចបានបញ្ជាក់ថា បច្ចុប្បន្នជនសង្ស័យទាំង២នាក់ស្ថិតក្រោមចំណាត់ ការរបស់លោក សេង ហៀង តំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ៕

មតិយោបល់