ភ្នំពេញៈ ពិធីការិនី និងតារាសម្តែងដ៏ល្បីល្បាញ កញ្ញា ថន លក្ខិណា បានប្រាប់ឲ្យដឹងថា បងថ្លៃរបស់នាង លោក ណាវៈរ៉ាត់ យូបាំរ៉ុង បានផ្តល់ជំនូនដល់បងស្រីរបស់ខ្លួន ថន ដារ៉ា នូវទឹកប្រាក់ចំនួន៦ម៉ឺនដុល្លារអាមេរិក និងគ្រឿងអលង្ការមានត្បូងពេជ្រជាច្រើនទៀត។
នេះ អាចចាត់ទុកជាគូព្រេងពីអតីតជាតិរបស់ពួកគេ ហើយក៏អាចចាត់ទុកថា ជាគូព្រេងឆ្លងដែន និងសញ្ជាតិ ដោយអាចក្រាបផ្ទឹមឱនក្បាលដល់កន្ទាល តាមទំនៀមទំលាប់ប្រពៃណីខ្មែរយ៉ាងអឹកធឹក ដោយវត្តមានលោក ហ៊ុន ម៉ាណែត កូននាយរដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងមានអ្នកជំនួញល្បីៗចូលរួមក្នុងពិធីមង្គល់របស់ពួកគេផងដែរ។
ថ្លែងប្រាប់ Post News នៅរសៀលថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១៦ កញ្ញា ថន លក្ខិណា បានឲ្យដឹងថា សម្រាប់ជំនូនដែលខាងបងថ្លៃជូន គឺមានលុយសុទ្ធ និងគ្រឿងអលង្ការពេជ្រជាច្រើនទៀត។ ថន លក្ខិណា ថា «បងស្រីនាងខ្ញុំ ទទួលបានជំនូន៦ម៉ឺនដុល្លារអាមេរិក និងគ្រឿងអលង្ការដាំត្បូងពេជ្រផ្សេងទៀត មានដូចជា ខ្សែកពេជ្រ ចិញ្ចៀនពេជ្រ និងនាឡិកាដាំត្បូងពេជ្រ»។
ថន លក្ខិណា បានអះអាងទៅកាន់ ទស្សនិកជន មួយចំនួនកុំមើល មកលើបងស្រីរបស់នាង ក្នុងន័យអវិជ្ជមានពេក ព្រោះថាបងស្រីរបស់នាងបានការពេញច្បាប់ តាមទំនៀមទំលាប់ប្រពៃណីខ្មែរ មិនមែនរស់នៅជាមួយនឹងគ្នាឥតខាន់ស្លានោះទេ ។ ម្យ៉ាងវិញទៀត រឿងស្នេហា គេមិនដែលប្រកាន់វ័យ និងឋានៈមានក្រនោះដែរ គឺចេញពីចិត្ត និងចិត្ត ចឹងហើយសូមឲ្យមនុស្ស ដែលមានមាត់ឥតគំរបគិតផង។
គួរបញ្ជាក់ផងដែរថា ថន ដារ៉ា ដែលត្រូវជាបងស្រី ថន លក្ខិណា បានចូលរោងជ័យនៅព្រឹកថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៦ ជាមួយបុរសពោះម៉ាយកូន១ ដែលមានតួនាទីជាមន្ត្រីធំម្នាក់ ក្នុងជួររដ្ឋាភិបាលថៃ គឺលោក ណាវៈរ៉ាត់ យូបាំរ៉ុង៕
មតិយោបល់