បាត់ដំបងៈ មានឧបទ្ទវហេតុ គ្រោះថ្នាក់ចរាចរណ៍ បណ្ដាលមកពីរថយន្ដក្រុមហ៊ុន «ថោង ស៊ីង» បើកបរខ្វះការប្រុងប្រយ័ត្នក្នុងល្បឿងលឿន រអិលទឹកភ្លៀងជ្រុលបុករថយន្តកែច្នៃ ដឹកពុទ្ធបរិស័ទចំណុះជើងវត្តកូនខ្លុង ប៉ើងធ្លាក់ទៅក្នុងទឹកស្រែ បណ្តាលឲ្យមនុស្សស្លាប់និងរបួស៧នាក់ កាលពីវេលាម៉ោង១និង២០នាទី រសៀលថ្ងៃទី៤ ខែសីហា ឆ្នាំ២០១៦ នៅលើកំណាត់ផ្លូវជាតិលេខ៥ ស្ថិតក្នុងភូមិពុកឆ្មា ឃុំអន្លង់វិល ស្រុកសង្កែខេត្តបាត់ដំបង។
អ្នកឃើញហេតុការណ៍ បាននិយាយថា ករណីគ្រោះថ្នាក់ចរាចរណ៍នេះ បង្កឡើងដោយរថយន្តដឹកទំនិញរបស់ក្រុមហ៊ុន ថោង ស៊ីង ចង្កូតស្តាំ ភ្នំពេញ1433 បើកបរដោយឈ្មោះ វឿត វណ្ណៈ ភេទប្រុស អាយុ២៤ឆ្នាំ រស់នៅភូមិថ្មី ឃុំព្រៃតូច ស្រុកមោងឫស្សី បានប្រើប្រាស់ល្បឿន យ៉ាងលឿនក្នុងទិសដៅពីកើតទៅលិច។
ប្រភពដដែលបានបន្តថា នៅពេលនោះដែរ គឺរថយន្តបង្កហាក់បីដូចជា មានការរអិលកង់ដោយសារទឹកភ្លៀង ម្យ៉ាងទៀត ដោយសារតែការបើកបរលឿនហួសកំណត់ផង ទើបមិនអាចបញ្ជាយានបាន ក៏ទៅបុកនឹងរថយន្តកែច្នៃមួយគ្រឿងដែលកំពុងបើកបរនៅពីមុខស្របទិសគ្នាពេញទំហឹង បណ្ដាលឲ្យប៉ើងធ្លាក់ទៅក្នុងទឹកស្រែ មនុស្ស៧នាក់ស្លាប់និងរបួស។ រថយន្តកែច្នៃនេះ ពាក់ស្លាកលេខ ស្វាយរៀង 6A-0908 បើកបរដោយឈ្មោះ សាំ សាំង ភេទប្រុស អាយុ៦១ឆ្នាំ រស់នៅភូមិកូនខ្លុង ឃុំព្រៃតូច ស្រុកមោងឫស្សី។ ពួកគាត់ទាំងអស់គ្នាបាននាំគ្នាធ្វើដំណើរទៅធ្វើបុណ្យនៅវត្តពោធិវាល។
ក្រោយពេលកើតហេតុ សមត្ថកិច្ចនៃអធិការដ្ឋាននគរបាលស្រុកសង្កែ ចុះទៅពិនិត្យឃើញថា ចំហេះហ្វ្រាំងរបស់រថយន្តបង្កមានប្រវែង១៣ម៉ែត្រ ហើយបានបុក និងរុញរថយន្តច្នៃធ្លាក់ទៅក្នុងទឹកស្រែ ព្រមទាំងបង្កឲ្យមនុស្សដែលជិះនៅលើរថយន្តច្នៃធ្លាក់ពេញផ្លូវ មានមនុស្សម្នាក់ត្រូវបានកង់រថយន្តកិនពីលើ បណ្តាលឲ្យស្លាប់ ឈ្មោះ ពិន សុផន ភេទស្រី អាយុ៤៥ឆ្នាំ រស់នៅភូមិកូនខ្លុង ឃុំព្រៃតូច។ ចំណែកមនុស្សចំនួន៦នាក់ទៀត បានរងរបួសធ្ងន់-ស្រាលផងដែរ។ ភ្លាមៗនោះផងដែរ សមត្ថកិច្ចក៏បានបញ្ជូនទៅកាន់មន្ទីរពេទ្យ ដើម្បីធ្វើការសង្គ្រោះ។
ចំណែកសពក៏បានប្រគល់ទៅឲ្យក្រុមគ្រួសារនាំយកទៅធ្វើបុណ្យ តាមប្រពៃណីផងដែរ។ រីឯមធ្យោបាយធ្វើដំណើរទាំងពីរគ្រឿង ត្រូវបាននាំយកទៅរក្សាទុក នៅអធិការដ្ឋាននគរបាលស្រុកសង្កែ ជាបណ្តោះអាសន្ន៕
មតិយោបល់