ភ្នំពេញៈ ក្រោយពីប្រតិបត្តិការ បង្ក្រាបកាលពីថ្ងៃទី២៨ ខែមករា ឆ្នាំ២០១៧ កន្លងទៅនោះ ជនសង្ស័យជាក្រុមអ្នកបើកកន្លែង និងអ្នកជល់មាន់ប្រុសស្រី ចំនួន១៤នាក់ ទៅកាន់តុលាការនៅព្រឹកថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០១៧នេះ ដើម្បីចាត់ការបន្តតាមនីតិវិធី។
ប្រភពពីសមត្ថកិច្ចបានបញ្ជាក់ថា ជនសង្ស័យប្រុសស្រីចំនួន ១៤នាក់ត្រូវបានសមត្ថកិច្ចខណ្ឌសែនសុខ ឃាត់ខ្លួនកាលពីរសៀលថ្ងៃទី២៨ ខែមករា ឆ្នាំ២០១៧នៅចំណុចដីឡូតិ៍មួយកន្លែង ម្តុំវត្តអង្គតាមិញ សង្កាត់ទឹកថ្លា ដោយដកហូតបាន មាន់ជល់ចំនួន ៩ក្បាល និងសម្ភារៈមួយចំនួនទៀត។
សមត្ថកិច្ចបន្តថា មាន់ជល់ដែលសមត្ថកិច្ចចាប់បាននោះ ត្រូវគេទុកនៅអធិការដ្ឋានខណ្ឌមិនបញ្ជូនមកតុលាការទេ ពោលគឺបញ្ជូនតែមនុស្ស និងសម្ភារៈមួយចំនួនតែប៉ុណ្ណោះ។
គួររំឭកថា កាលពីពេលកន្លងទៅថ្មីៗនេះ ក៏មានករណីបង្ក្រាបវង់ល្បែងជល់មាន់នៅស្រុកគង់ពិសី ខេត្តកំពង់ស្ពឺ មួយករណីផងដែរ ប៉ុន្តែសមត្ថកិច្ច និងព្រះរាជអាជ្ញានៃខេត្តមួយនេះមិនបានឃាត់ខ្លួនជនសង្ស័យបានម្នាក់ឡើយ ដោយបានត្រឹមតែនគរបាលសេដ្ឋកិច្ចស័ក្តិ៣ ម្នាក់ឈ្មោះ ខេង សុខា ដែលជាអ្នកកាងទីតាំងល្បែងជល់មាន់សម្លុត និងបណ្តេញចេញពីទីតាំងប្រព្រឹត្តបទល្មើសតែប៉ុណ្ណោះ។ ក្រោយមកក៏មានលិខិត ដកនគរបាលសេដ្ឋកិច្ចស័ក្តិ៣ ឈ្មោះ ខេង សុខា បញ្ឈជើង ពីដំណាក់លោក ជួន សុវណ្ណ ស្នងការរាជធានីភ្នំពេញ ជាការស្រេច ដោយមិនទាន់មានចំណាត់ការផ្លូវច្បាប់បន្ថែមទៀតលើជនល្មើសរូបនោះនៅឡើយទេ៕







មតិយោបល់